ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងអនុម័តទទួលស្គាល់ប្រសិទ្ធភាពនិងសុវត្ថិភាពវ៉ាក់សាំង Johnson & Johnson និងសម្រេចទិញវ៉ាក់សាំងប្រភេទនេះ ៦ លានដូសសម្រាប់ចាក់ជូនពលរដ្ឋខ្លួន

    BY Pheakdey March 29, 2021
    កូរ៉េខាងត្បូងអនុម័តទទួលស្គាល់ប្រសិទ្ធភាពនិងសុវត្ថិភាពវ៉ាក់សាំង Johnson & Johnson និងសម្រេចទិញវ៉ាក់សាំងប្រភេទនេះ ៦ លានដូសសម្រាប់ចាក់ជូនពលរដ្ឋខ្លួន

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងតាមរយៈក្រសួងសុវត្ថិភាពចំណីអាហារនិង​ឱសថបានអនុម័តទទួលស្គាល់ពីសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិក  Johnson & Johnson  ខណៈកូរ៉េខាងត្បូងក៏បានសម្រេចទិញវ៉ាក់សាំងប្រភេទនេះសម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនផងដែរ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី ២៩ មីនានេះ បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកឱសថកូរ៉េខាងត្បូងបានសិក្សានិងត្រួតពិនិត្យវ៉ាក់សាំងប្រទេសនេះយ៉ាងល្អិតល្អន់រួចមក។ ទន្ទឹមគ្នានេះដែរកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson ចំនួន ៦ លានដូសទៀតផង​ ដែលតាមគម្រោងវ៉ាក់សាំងនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសកូរ៉េខាងត្បូងនៅអំឡុងត្រីមាសទី ២ ក្នុងឆ្នាំ ២០២១ នេះ។

    គួរបញ្ជាក់ថា Johnson & Johnson នឹងក្លាយជាវ៉ាក់សាំងទី ៣ ដែលកូរ៉េខាងត្បូងបានបញ្ជាទិញយកទៅប្រើប្រាស់បន្ទាប់ពីវ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងវ៉ាក់សាំង Pfizer-BioNTech របស់អាមេរិក ដែលវ៉ាក់សាំងទាំង ២ ប្រភេទនេះសុទ្ធតែត្រូវចាក់ចំនួន ២ ដូសទើបអាចមានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ បាន។ ដោយឡែក  Johnson & Johnson ជាវ៉ាក់សាំងដំបូងដែលតម្រូវឲ្យចាក់តែ ១ ដូសប៉ុណ្ណោះ ខណៈប្រសិទ្ធភាពរបស់វាគឺមានកម្រិតខ្ពស់មិនចាញ់វ៉ាក់សាំងផ្សេងទៀតឡើយ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះប្រទេសថៃក៏បានអនុម័តប្រើប្រាស់វ៉ាក់សាំង Johnson & Johnson សម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនជាផ្លូវការផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: