ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ានៅព្រឹកស្អែកនេះ
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅថ្ងៃពុធ ទី ៣១ មីនា ស្អែកនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងធ្វើការជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមយោធាបានបាញ់សម្លាប់ក្រុមបាតុករជាច្រើននាក់នៅក្នុងសបា្តហ៍នេះ។ សមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំបិទទ្វារនាព្រឹកស្អែកនេះគឺមានចំនួន ១៨ រូប រួមជាមួយនឹងប្រេសិតពិសេសមួយរូបរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺលោក Christine Schraner Burgene ដែលប្រេសិតរូបនេះនឹងធ្វើសេចក្តីសង្ខេបអំពីស្ថានភាពចុងក្រោយបំផុតនៅមីយ៉ាន់ម៉ាប្រាប់ទៅកាន់អង្គប្រជុំផងដែរ។

គេនៅមិនទាន់ដឹងច្បាស់ថាក្រោយចប់កិច្ចប្រជុំនេះភ្លាម ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាចស្វែងរកដំណោះស្រាយឬវិធានការដាក់ទណ្ឌកម្មជាក់លាក់ណាមួយចំពោះក្រុមយោធាមីយ៉ាន់ម៉ានោះទេ តែយ៉ាងក្តីកិច្ចប្រជុំនេះជាសញ្ញាមួយបង្ហាញថា ពិភពលោកកំពុងតែផ្តោចការយកចិត្តទុកដាក់ចំពោះមីយ៉ាន់ម៉ាយ៉ាងខ្លាំងហើយ បន្ទាប់ពីស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គួររម្លឹកជូនថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានក្រុមបាតុករមីយ៉ាន់ម៉ាចំនួន ១០៧ នាក់ និងកូនក្មេងចំនួន ៧ នាក់ ត្រូវបានក្រុមយោធាបាញ់សម្លាប់យ៉ាងឃោឃៅ ខណៈមនុស្សរាប់ពាន់ទៀតត្រូវបានបាត់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia