ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំម្តងទៀត ក្រោយរកឃើញអ្នកឆ្លងថ្មីជិត ១ ពាន់ករណីក្នុងមួយថ្ងៃ

    BY Pheakdey March 30, 2021
    ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំម្តងទៀត ក្រោយរកឃើញអ្នកឆ្លងថ្មីជិត ១ ពាន់ករណីក្នុងមួយថ្ងៃ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីកំពុងតែត្រៀមខ្លួនដើម្បីប្រយុទ្ធជាមួយនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីម្តងទៀត ក្រោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីដើមខែ ធ្នូ ឆ្នាំ ២០២០ មក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្តីព្រួយបារម្ភថ្មីនេះបានកើតមានបន្ទាប់អាជ្ញាធរម៉ាឡេស៊ីបានរកឃើញករណីអ្នកឆ្លងនៅក្នុងសហគមន៍ចំនួន ៩៤១ ករណី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបើផ្អែកទៅតាមការសិក្សាអំពីកំណើននៃការឆ្លងដ៏គំហុកនេះបានបង្ហាញថា ការឆ្លងគឺមានកម្រិតខ្ពស់ ពោលគឺមានកម្រិតឆ្លងរហូតដល់ ០,៩៤ ឬមានន័យថា អ្នកជំងឺកូវីដ ១៩ ចំនួន ១០០ នាក់ អាចចម្លងមេរោគទៅកាន់មនុស្សចំនួន ៩៤ នាក់ផ្សេងទៀតបាន។

    យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីមិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះមានអ្នកឆ្លងមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីនោះទេ ហើយបច្ចុប្បន្នអ្នកជំងឺកូវីដ ១៩ ថ្មីទាំងអស់នោះក៏ត្រូវបានបញ្ជូនទៅសម្រាកនៅតាមមន្ទីរពេទ្យរួចរាល់ហើយដែរ ខណៈពួកគេសុទ្ធតែមិនស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ។ សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៤២ ៨៨៥ ករណី និងស្លាប់ចំនួន ១ ២៦០ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: