មហាសេដ្ឋីថៃមួយរូបត្រូវតុលាការចោទប្រកាន់ពីបទជេរប្រមាថព្រះមហាក្សត្រ ក្រោយ live វីដេអូរិះគន់ដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា មហាសេដ្ឋីនិងជាអតីតប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសថៃគឺលោក លោកថាណាថន ជួងរុងរួងគីត (Thanathorn Juangroongruangkit) ត្រូវបានតុលាការថៃ សម្រេចចោទប្រកាន់ពីបទជេរប្រមាថព្រះមហាក្សត្រថៃនិងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។ ប្រភពខាងលើបានបន្តថា ការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ៣០ មីនា ម្សិលមិញនេះ បន្ទាប់ពីលោក ថាណាថន ជួងរុងរួងគីត បាន Live វីដេអូតាមបណ្តាញសង្គម Facebook ធ្វើការរិះគន់ពីដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃមានភាពយឺតយ៉ាវ ហើយពេលនោះគាត់ក៏បាននិយាយប៉ះដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង Siam BioScience ដែលគ្រប់គ្រងដោយការិយាល័យហរិញ្ញវត្ថុរបស់រាជរាំងថៃផងដែរ។

សម្រាប់លោក ថាណាថន ជួងរុងរួងគីត បានលើកឡើងថា អ្វីដែលគាត់និយាយរិះគន់នោះគឺមានគោលបំណងចង់ផ្តល់ប្រយោជន៍ជូនពលរដ្ឋថៃទូទៅតែប៉ុណ្ណោះ ហើយលោកក៏គ្មានចេតនារិះគន់ព្រះមហាក្សត្រថៃដែរ។ យ៉ាងណាក្តី សម្រាប់សមាជិករដ្ឋាភិបាលថៃបានយល់ឃើញថា សកម្មភាពរបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះបានធ្វើឲ្យមានការបំភ័ន្តសាធារណៈមតិយ៉ាងខ្លាំង ហើយការរិះគន់ស្ថាប័នរបស់រាជរាំងថៃគឺជាការប្រមាថយ៉ាងខ្លាំងចំពោះព្រះមហាក្សត្រថៃផងដែរ។ សូមបញ្ជាក់ថា ការចោទប្រកាន់របស់តុលាការថៃខាងលើនេះត្រូវបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់សមាជិកក្រុមឧបនាយករដ្ឋមន្ត្រីថៃម្នាក់គឺលោក Apiwat Kanthong៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍