ថៃនឹងបែកចែកវ៉ាក់សាំង Sinovac ឲ្យបានដល់គ្រប់ខេត្តទៅទូទាំងប្រទេសនៅក្នុងខែនេះ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេថៃគ្រោងនឹងធ្វើការបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinovac ចំនួន ៨០០ ០០០ ដូសឲ្យបានដល់គ្រប់ខេត្តនៅទូទាំងប្រទេសនៅក្នុងខែនេះ។ បើតាមលោក Kiattiphum Wongrajit លេខាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកសុខភាពសាធារណៈបានបញ្ជាក់ថា បើទោះជាចំនួនវ៉ាក់សាំងនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋថៃឲ្យបានគ្រប់គ្នាក៏ដោយ តែការបែងចែកវ៉ាក់សាំងទៅកាន់បណ្តាខេត្តត្រូវតែធ្វើឡើងប្រកបដោយសមភាព តម្លាភាព និងផ្អែកទៅតាមស្ថានភាពជាក់ស្តែងផងដែរ។ លេខាធិការអចិន្រ្តៃយ៍រូបនេះបានបន្តថា វ៉ាក់សាំង Sinovac ទាំង ៨០០ ០០០ ដូសនេះនឹងត្រូវបែកចែកជាច្រើនកញ្ចប់ផ្សេងៗគ្នា ដោយវ៉ាក់សាំងចំនួន ៣៥០ ០០០ ដូសនឹងត្រូវផ្តល់ជូនទៅខេត្តចំនួន ៦ ដែលកំពុងមានហានិភ័យខ្ពស់ក្នុងការរាតត្បាតជំងឺនៅក្នុងសហមគមន៍។

ដោយឡែកវ៉ាក់សាំងចំនួន ២៤០ ០០០ ដូសនឹងត្រូវផ្តល់ជូនទៅខេត្តដែលជាតំបន់ទេសចរណ៍ចំនួន ៨ ខេត្ត ហើយខេត្តចំនួន ៨ ផ្សេងទៀតដែលស្ថិតនៅតាមតំបន់ព្រំដែននឹងត្រូវទទួលវ៉ាក់សាំងចំនួន ៥០ ០០០ ដូស។ ចំពោះវ៉ាក់សាំងដែលនៅសល់ចំនួន ១៦០ ០០០ ទៀតនឹងត្រូវបែងចែកទៅកាន់បណ្តាខេត្តដែលនៅសល់ដោយផ្អែកទៅតាមចំនួនប្រជាពលរដ្ឋជាក់ស្តែងនៅក្នុងខេត្តទាំងនោះ ដូចជាខេត្តដែលមានពលរដ្ឋតិចជាង ១ លាននាក់នឹងត្រូវទទួលបានវ៉ាក់សាំងចំនួន ៨០០ ដូស ខេត្តដែលមានប្រជាពលរដ្ឋចាប់ពី ១-១,៥ លាននាក់នឹងទទួលបានវ៉ាក់សាំងចំនួន ១ ០០០ ដូស ខណៈខេត្តធំៗដែលមានពលច្រើនជាង ១,៥ លាននាកនឹងទទួលវ៉ាក់សាំងចំនួន ១ ២០០ ដូស៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍