Miss Grand មីយ៉ាន់ម៉ាសុំសិទ្ធរស់នៅប្រទេសថៃ ៣ ខែ ព្រោះខ្លាចក្រុមយោធាចាប់ខ្លួនបើត្រលប់ទៅប្រទេសកំណើតវិញនៅពេលនេះ
មីយ៉ាន់ម៉ា៖ អតីតបេក្ខភាពប្រលងកម្មវិធី Miss Grand International ឆ្នាំ ២០២០ របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានសារព័ត៌មាន The Thaiger រាយការណ៍ថា រូបនាងមិនហ៊ានត្រលប់ទៅកាន់ប្រទេសកំណើតវិញនោះទេក្រោយបញ្ចប់កម្មវិធីប្រលងនៅក្នុងប្រទេសថៃរួច ព្រោះតែនាងខ្លាចក្រុមយោធាចាប់ខ្លួន ឬធ្វើបាបនាងតាមរូបភាពផ្សេងៗ។ Miss Grand មីយ៉ាន់ម៉ារូបនេះមានឈ្មោះថា Han Lay អាយុ ២០ ឆ្នាំ ហើយពេលចូលរួមកម្មវិធីប្រលងជាលក្ខណៈអន្តរជាតិនោះ នាងបានសម្តែងមតិជាសាធារណៈទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដោយស្នើឲ្យសហគមន៍អន្តរជាតិជួយ សង្គ្រោះប្រទេសមីយ៉ាន់ម៉ាពីរបបផ្តាច់ការយោធាដែលកំពុងតែប្រើប្រាស់អំពើហឹង្សាយ៉ាងព្រៃផ្សៃទៅកាន់ពលរដ្ឋខ្លួនជារៀងរាល់ថ្ងៃ។ វីដេអូដែលជាសារដ៏ខ្លីរបស់ Miss Grand មីយ៉ាន់ម៉ារូបនេះត្រូវបានពលរដ្ឋមីយ៉ាន់ម៉ាគាំទ្រយ៉ាងខ្លាំង ខណៈអ្នកប្រើប្រាស់់បណ្តាញសង្គមដែលមិនមែនជាពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ផ្សេងទៀតក៏បានជួយចែករំលែកវីដេអូនោះយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គមផងដែរ។

ប្រភពខាងលើបានឲ្យដឹងថា ពេលនេះអ្នកនាង Han Lay បានសម្រេចសុំសិទ្ធរស់នៅក្នុងនាមជាជនភៀសខ្លួននៅក្នុងប្រទេសថៃរយៈពេល ៣ ខែសិន ព្រោះបើគាត់ត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនៅពេលនេះគឺគាត់ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណស់។ អ្នកនាង Han Lay បានបញ្ជាក់ថា មុនពេលបញ្ចេញមតិក៏គាត់ដឹងថា គាត់នឹងត្រូវប្រឈមនូវការគំរាមគំហែងពីក្រុមយោធាដែរ តែគាត់ត្រូវតែនិយាយពាក្យទាំងនោះចេញមកដើម្បីឲ្យពិភពលោកបានដឹងថា ក្រុមយោធាមីយ៉ាន់ម៉ាបានសម្លាប់ពលរដ្ឋខ្លួនជាច្រើននាក់យ៉ាងឃោឃៅ ហើយតាមរយៈការបញ្ចេញមតិនោះគាត់សង្ឃឹមថា ពិភពលោកនឹងផ្តោតការអារម្មណ៍ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger