ថៃគ្រោងប្រើប្រាស់ App ទូរស័ព្ទ ដែលអនុញ្ញាតឲ្យពលរដ្ឋណាត់គ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ ១៩ ដោយងាយស្រួល
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅខែក្រោយនេះរដ្ឋាភិបាលថៃនឹងដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដ៏ទំនើបថ្មីមួយឈ្មោះ “Mor Prom” ដែលកម្មវិធីនេះអាចអនុញ្ញាតឲ្យពលរដ្ឋថៃគ្រប់រូបអាចណាត់ជួបជាមួយខាងមន្ទីរពេទ្យដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានដោយងាយស្រួល។ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit ដែលជាលេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងកម្មវិធីនោះពលរដ្ឋអាចចុះឈ្មោះដើម្បីសុំចាក់វ៉ាក់សាំងដែលបានកំណត់នៅក្នុងកម្មវិធី ណាត់ថ្ងៃដែលអាចមកចាក់វ៉ាក់សាំង ហើយបន្ទាប់ពីចាក់វ៉ាក់សាំងរួចពួកគេក៏អាចផ្តល់ដំណឹងពីប្រតិកម្មផ្សេងៗដែលបានកើតឡើងចំពោះពួកគេតាមរយៈកម្មវិធីនោះផងដែ។

លេខាធិការអចិន្តៃ្រយ៍រូបនេះបានបន្តថា ការប្រើប្រាស់កម្មវិធីទូរស័ព្ទមួយនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋព្រោះក្រោយការណាត់ជួបជាមួយខាងមន្ទីពេទ្យរួចគឺពួកគេនឹងដឹងច្បាស់អំពីពេលវេលានិងកន្លែងជាក់លាក់ក្នុងការទទួលបានវ៉ាក់សាំង ដោយមិនចាំបាច់ចំំំណាយពេលច្រើនមកកាន់មន្ទីរពេទ្យដើម្បីសាកសួរព័ត៌មាននិងដាក់ពាក្យស្នើសុំចាក់វ៉ាក់សាំងនោះទេ។ ដោយឡែកខាងមន្ទីរពេទ្យវិញក៏មានភាពងាយស្រួលដែរ ព្រោះគេអាចកំណត់ចំនួនពលរដ្ឋដែលត្រូវមកទទួលវ៉ាក់សាំងតាមពេលកំណត់ផ្សេងៗគ្នា ដែលអាចបញ្ចៀសបាននូវបញ្ហាអ្នកជំងឺមកជាន់ពេលគ្នាបណ្តាលឲ្យមានភាពកកកុញនៅមន្ទីរពេទ្យផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺនៅក្នុងខែមិថុនាខាងមុខនេះនៅក្នុងកម្មវិធី “Mor Prom” នឹងមានវ៉ាក់សាំង AstraZeneca សម្រាប់ប្រើប្រាស់ចំនួន ៥ លានដូស ដែលនឹងត្រូវបានបែងចែកទៅតាមមន្ទីរពេទ្យសំខាន់ៗនៅទូទាំងប្រទេស ខណៈថៃគ្រោងនឹងចាក់វ៉ាក់សាំង AstraZeneca ឲ្យបានរហូតដល់ ៦១ លានដូស និងវ៉ាក់សាំង Sinovac ចំនួន ២ លានដូស ឬជាសរុបរួមថៃគ្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានចំនួន ៣១ លាននាក់នៅត្រឹមចុងឆ្នាំ ២០២០១ នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍