ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះ រយៈពេលតែ១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ៨ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ

    BY Pheakdey April 3, 2021
    ម្សិលមិញនេះ រយៈពេលតែ១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ៨ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន live Mint បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២ ខែមេសា ម្សិលមិញនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ ខែ ចុងក្រោយនេះ ពោលគឺ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញករណីអ្នកឆ្លងថ្មីរហូតដល់ទៅ ៨១ ៤៦៦​រកណីឯណោះ។ យ៉ាងណាក្តី របាយការណ៍របស់ក្រសួងសុខាភិបាលសហភាពឥណ្ឌាមិនបានបង្ហាញថា មានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ត្រូវរកឃើញនៅក្នុងថ្ងៃជាមួយគ្នានេះទេ។

    ការរកឃើញចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើននេះបានធ្វើឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌាមានការព្រួយបារម្ភជាថ្មីថា ការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំអាចកើតមាននៅក្នុងប្រទេសឥណ្ឌាជាថ្មីម្តងទៀត ក្រោយពីរលកនៃការឆ្លងហាក់បានធូរស្បើយអស់ ៦ ខែមកហើយ។ គួររម្លឹកជូនថា គិតរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួននៅទូទាំងប្រទេសបានចំនួន ៦៨ ៧៨៩ ១៣៨ នាក់ហើយ ខណៈឥណ្ឌាមានប្រជាពលរដ្ឋសរុបរហូតដល់ជាង ១,៣ ពាន់លាននាក់ឯណោះ។ ដោយឡែកសម្រាប់តួលេខអ្នកឆ្លងសរុបវិញ គឺគិតត្រឹមពេលនេះឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១២ លានករណី អ្នកស្លាប់ជាង ១,៦ សែន ករណី និងអ្នកជាសះស្បើយជាង ១១ លានករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ live Mint

     

    Share This Post: