អ្នកជំនាញម្នាក់ព្រមានថា ថៃនឹងត្រូវប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីម្តងទៀតក្រោយពិធីបុណ្យសង្រ្កាន្តឆ្នាំថ្មី
ថៃ៖ អ្នកជំនាញផ្នែកមេរោគឆ្លងនៅក្នុងប្រទេសថៃគឺលោកវេជ្ជបណ្ឌិត Yong Poovorawan បានព្រមានថា ថៃនឹងត្រូវប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីទៀតដែលអាចជារលកទី ៣ ឬរលកទី ៤ បន្ទាប់ពីប្រទេសថៃបានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណី ឬពិធីបុណ្យសង្ក្រាន្តរួច។ អ្នកជំនាញរូបនេះបានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលដែលបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរៀបចំពិធីសង្រ្កាន្តនោះគឺជាកក្តាចម្បងជំរុញឲ្យមានការរីករាលដាលជំងឺកូវីដ ១៩ នៅសហគមន៍ បើទោះជាអាជ្ញាធរបានប្រាប់ឲ្យពលរដ្ឋត្រូវរក្សាវិធានការអនាម័យក្នុងអំឡុងពិធីបុណ្យនោះក៏ដោយ។ វេជ្ជបណ្ឌិត Yong Poovorawan បានព្យាករណ៍ទៀតថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើតឡើងពីខ្ទង់ជាង ១០ ទៅដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ ហើយពេលនោះរដ្ឋាភិបាលនឹងត្រូវចំណាយលុយជាច្រើនសម្រាប់ព្យាបាលអ្នកជំងឺនិងសម្រាប់ធ្វើតេស្តចំពោះពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

វេជ្ជបណ្ឌិត Yong Poovorawan ដែលជាប្រធានមជ្ឈមណ្ឌលឧត្តមភាពនៃរោគសាស្ត្រប្រចាំនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកនបានពន្យល់ថា តាមការសង្កេតរបស់គាត់គឺជំងឺកូវីដ ១៩ ភាគច្រើនបានផ្ទុះចេញពីកន្លែងកំសាន្តដែលពលរដ្ឋបានធ្វើការជួបជុំគ្នាយ៉ាងសប្បាយរីករាយរហូតធ្វេសប្រហែសឬភ្លេចការពារខ្លួន ហើយការចម្លងទៅក្នុងទីតាំងទាំងនោះគឺលក្ខណៈឆាប់រហ័សនិងឆ្លងច្រើន ព្រោះការជួបជុំបែបសប្បាយរីករាយជាធម្មតាត្រូវធ្វើឡើងក្នុងចំណោមមនុស្សជាច្រើននាក់។ វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ផងដែរថា បើទោះជាពេលនេះអាជ្ញាធរសុខាភិបាលថៃបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានចំនួនក៏ហើយក្តី តែពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំងនៅតែមានចំនួនច្រើនហើយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងចំណោមពលរដ្ឋទាំងនោះក៏នៅមានទំហំធំធេងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍