ក្រុងបាងកកសម្រេចផ្អាកអាជីវកម្មបែបកំសាន្តពេលរាត្រីនៅតំបន់មួយចំនួនរយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩
ថៃ៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះអភិបាលក្រុងបាងកកលោក Aswin Kwanmuang បានសម្រេចផ្អាកអាជីវកម្មកំសាន្តនៅតាមតំបន់ចំនួននៅក្នុងក្រុងរយៈពេល ២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ ដែលហាក់កំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងក្រុងបាងកក។ អភិបាលក្រុងរូបនេះបានបញ្ជាក់ថា អាជីវកម្មបែបកំសាន្តដែលអាជ្ញាធរក្រុងបាងកកបានផ្តោតសំខាន់នៅពេលនេះគឺ បារ ក្លឹបរាត្រី និងភោជយនីដ្ឋានដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទ។ វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១៩ ខែ មេសា ហើយសង្កាត់ដែលតម្រូវឲ្យអនុវត្តវិធានការនេះមានចំនួន ៣ គឺសង្កាត់ Klong Toey, Watthana និង Bang Khae។

ចំពោះលក្ខខណ្ឌនៃការអនុវត្តវិធានការវិញគឺអាជីវកម្មដែលស្ថិតនៅក្នុងប្រភេទខាងលើនេះត្រូវបិទនៅម៉ោង ៩ យប់ជាដាច់ខាត ហើយសម្រាប់នៅក្នុងម៉ោងបើកលក់មុនម៉ោង ៩ យប់វិញ ក៏ត្រូវហាមឃាត់មិនឲ្យលក់គ្រឿងស្រវឹងជាដាច់ខាតផងដែរ។ សម្រាប់ពលរដ្ឋដែលចង់ញ៉ាំអាហារនៅតាមភោជនីយដ្ឋានគឺអាជ្ញាធរបានលើកទឹកចិត្តឲ្យទិញអាហារយកទៅញ៉ាំនៅផ្ទះ ឬអាចញ៉ាំនៅក្រៅមុនម៉ោង ៩ យប់ដោយត្រូវបន្តរក្សាវិធានការអនាម័យកម្រិតខ្ពស់បំផុត ។ សូមបញ្ជាក់ថា វិធានការខាងលើនេះត្រូវបានដាក់ចេញភ្លាមៗក្រោយអាជ្ញាធរសុខាភិបាលថៃបានករឃើញថា មានករណីផ្ទុះការចម្លងជំងឺកូវីដ ១៩ នៅក្នុងកន្លែងកំសាន្តចំនួន ១៩២ ផ្សេងគ្នានៅក្នុងសង្កាត់ទាំង ៣ ខាងលើនេះ ហើយបើគេមិនដាក់ចេញវិធានការនេះភ្លាមទេ ជំងឺកូវីដ ១៩ អាចបន្តរាតត្បាតទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងក្រុងនិងអាចឈានដល់ការបិទក្រុងទាំងមូលទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាកកកប៉ុស្តិ៍