ព្យុះស៊ីក្លូនត្រូពិកបានសម្លាប់ពលរដ្ឋឥណ្ឌូនេស៊ីនិងទីម័រខាងកើតជាង ១០០ នាក់ហើយ
កាលពីថ្ងៃចន្ទ ម្សិលមិញនេះមានព្យុះស៊ីក្លូនត្រូពិកដ៏អាក្រក់មួយបានវាយប្រហារប្រទេសឥណ្ឌូនេស៊ីនិងប្រទេសទីម័រខាងកើតយ៉ាងខ្លាំង ហើយឥទ្ធិពលខ្យល់ព្យុះបានបង្កឲ្យមានបញ្ហាបាក់ស្រុតដីនិងទឹកជំនន់ភ្លាមៗ ហើយបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជាច្រើននាក់ផងដែរ។ សារព័ត៌មាន Channel News Asia បានចុះផ្សាយរបាយការណ៍ចុងក្រោយមួយនៅព្រឹកថ្ងៃអង្គារទី ៦ មេសានេះដោយបានបង្ហាញថា គិតមកទល់ពេលនេះមានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៨៦ នាក់បានស្លាប់ និង ៧១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា លទ្ធភាពដែលអ្នកបាត់ខ្លួនទាំងនោះនៅមានជីវិតគឺមានតិចណាស់។

ដោយឡែកសម្រាប់ប្រទេសទីម័រខាងកើតវិញគឺគិតត្រឹមពេលនេះបានរកឃើញអ្នកស្លាប់ចំនួន ២៧ នាក់ ខណៈមានពលរដ្ឋទីម័រខាងកើតជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលពីគ្រោះធម្មជាតិមួយនេះ។ ជាសរុបរួមត្រឹមតែមួយថ្ងៃម្សិលមិញនេះមានពលរដ្ឋឥណ្ឌូនេស៊ីនិងទីម័រខាងកើតបានស្លាប់បាត់បង់ជីវិតសរុបចំនួន ១១៣ នាក់ក្នុងរយៈពេលដ៏ខ្លីនិងដោយគ្មានអ្នកណាស្មានដល់នោះទេ។ ពេលនេះអាជ្ញាធរនៃប្រទេសទាំង ២ កំពុងដុតដៃដុតជើងជម្លៀសពលរដ្ឋមួយចំនួនទៅកាន់កន្លែងមានសុវត្ថិភាព ហើយអង្គការនិងស្ថាប័នសប្បុរសធម៌មួយចំនួនក៏កំពុងព្យាយាមជួយឧបត្ថម្ភចំណីអាហារនិងថ្នាំពេទ្យទៅកាន់ពលរដ្ឋទាំងនោះដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia