មន្ទីរពេទ្យមួយចំនួននៅប្រទេសថៃកំពុងប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩
ថៃ៖ រលកថ្មីនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបាងកកបានកំពុងតែបន្ថែមនូវក្តីនូវកង្វល់ថ្មីមួយសម្រាប់អាជ្ញាធរសុខាភិបាលថៃ នោះគឺបញ្ហាខ្វះគ្រែពេទ្យសម្រាប់អ្នកជំងឺខណៈមន្ទីរពេទ្យខ្លះថែមទាំងខ្វះសម្ភារៈបរិក្ខាពេទ្យសម្រាប់ធ្វើតេស្តអ្នកជំងឺទៀតផង។ កាលពីម្សិលមិញនេះមន្ទីរពេទ្យ Ramkhamhaeng ដែលជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ដ៏សំខាន់មួយរបស់ថៃបានប្រកាសជាសាធារណៈថា ខាងមន្ទីរពេទ្យនឹងពន្យាពេលទទួលយកអ្នកជំងឺមកព្យាបាល ព្រោះតែមន្ទីរពេទ្យគ្មានគ្រែទំនេរសម្រាប់ជនរងគ្រោះទៀតនោះទេ។ ស្រដៀងគ្នានេះដែរមន្ទីរពេទ្យ Samitivej Srinakarin បានប្រកាសផ្អាកទទួលធ្វើតេស្តរកជំងឺកូវីដ ១៩ មួយរយៈសិន ព្រោះតែមន្ទីរពេទ្យគ្មានឧបករណ៍សម្រាប់ធ្វើតេស្តគ្រប់គ្រាន់នោះទេ។

ឆ្លើយតបនឹងបញ្ហានេះក្រុមយោធាថៃគ្រោងនឹងសាងសងមន្ទីរពេទ្យនៅទីវាលចំនួន ១០ កន្លែងបន្ថែមទៀត ដែលមន្ទីរពេទ្យទាំងនោះអាចផ្ទុកគ្រែពេទ្យសរុបបានចំនួន ៣ ០០០ គ្រែផងដែរ។ គួរបញ្ជាក់ថា មន្ទីរពេទ្យនៅទីវាលគឺជាមន្ទីរពេទ្យដែលគេសាងសងឡើងភ្លាមៗនៅកន្លែងទំនេរណាមួយដោយមន្ទីរពេទ្យមានតែគ្រែគេងនិងសម្ភារៈសំខាន់មួយចំនួនតាមស្ថានភាពជំងឺជាក់ស្តែងរបស់ជនរងគ្រោះតែប៉ុណ្ណោះ ហើយជាធម្មតាមន្ទីរពេទ្យប្រភេទនេះត្រូវបានបង្កើតឡើងសម្រាប់ក្រុមយោធាពេលចុះទៅសមរភូមិឬពេលទៅបំពេញបេសកម្មផ្សេងៗ។ សូមបញ្ជាក់ផងដែរថា ជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃនៅពេលនេះគឺជាមេរោគបំប្លែងខ្លួនទម្រង់ថ្មីមកពីអង់គ្លេស ដែលមានលក្ខណៈរាតត្បាតលឿននិងមានគ្រោះថ្នាក់ជាងមេរោគកូវីដ ១៩ ធម្មតា៕

មន្ទីរពេទ្យនៅទីវាល (រូបតំណាង)
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍