Range Rover ស៊េរីទំនើបបើកឆ្លងកាត់ផ្លូវបំបែកមិនបន្ថយល្បឿន ទៅបុកជាមួយម៉ូតូដឹកម្ហូបតាមអនឡាញ បណ្ដាលឲ្យខ្ទាតបើងបោកផ្ទប់បង្គោលដែករងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តរត់គេចបាត់ស្រមោល
រាជធានីភ្នំពេញ៖ រថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួន ក្នុងល្បឿនលឿន ទៅបុកជាមួយម៉ូតូដឹកម្ហូបតាមអនឡាញរបស់ក្រុមហ៊ុន Park Cafe បណ្តាលឲ្យបើងខ្ទាតទាំងមនុស្សទាំងម៉ូតូ ឡើងលើចិញ្ចើមផ្លូវបោកផ្ទប់នឹងបង្គោលដែកមុខឧសថស្ថាន ផ្សារតាប៉ាងថ្មី បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ កាលពីវេលាម៉ោង០៩៖២០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ៥១ (ប៉ាស្ទ័រ) កែងផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តម៉ាក Range Rover ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-6969 អ្នកបើបររត់បាត់ រីឯម៉ូតូម៉ាកហុងដាវ៉ែវ (Honda Wave) ពណ៌ទឹកប៉ិច ពាក់ស្លាកលេខភ្នំពេញ 1L-3995 បើកដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ដឹកម្ហូបតាមអនឡាញរបស់ក្រុមហ៊ុន Park Cafe ។
តាមប្រភពព័ត៌មានបានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនកើតហេតុគេឃើញរថយន្ត Range Rover ស៊េរីទំនើបខាងលើ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូង រីឯម៉ូតូដឹកម្ហូបអនឡាញ បានធ្វើដំណើរតាមបណ្តោយផ្លូវ១៣៦ ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបែកជាបួន ចំណុចកន្លែងកើតហេតុខាងលើ រថយន្តបានជ្រុលបុកម៉ូតូពីចំហៀង បើងខ្ទាតទាំងមនុស្សទាំងម៉ូតូឡើងចិញ្ចើមផ្លូវបោកនឹងបង្គោលដែកមុខឧសថស្ថាន ផ្សារតាប៉ាងថ្មី បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកឃើញហេតុការណ៍ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕









ដោយ៖ បងម៉េង ខ្មែរណូត