កងទ័ពជើងទឹកថៃបានសាងសង់មន្ទីរពេទ្យនៅទីវាលមួយជាបន្ទាន់ ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយសារមានការឆ្លងរាតត្បាតកើនឡើងយ៉ាងឆាប់រហ័ស
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅព្រឹកថ្ងៃសោរ៍ ទី ១០ មេសានេះថា កងទ័ពជើងទឹកថៃបានសម្រេចសាងសង់មន្ទីរពេទ្យនៅទីវាលមួយឬគេអាចហៅថា មន្ទីរពេទ្យយោធា នៅឯបញ្ជាការដ្ឋានការពារអាកាសនិងឆ្នេរក្នុងខេត្ត Chonburi ដើម្បីឆ្លើយតបទៅនឹងតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ដែលហាក់កំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍ថៃ។ មន្ទីរពេទ្យដែលសាងសង់នៅទីវាលថ្មីនេះអាចមានសមត្ថភាពដាក់គ្រែពេទ្យបានចំនួន ៣២០ គ្រែ ហើយមន្ទីរពេទ្យនេះនឹងបើកទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល បន្ទាប់ពីមន្ទីរពេទ្យធម្មតាអស់គ្រែគេងសម្រាប់អ្នកជំងឺ។

គួរបញ្ជាក់ជូនថា ចាប់តាំងពីដើមឆ្នាំនេះមកកងទ័ពជើងទឹកថៃបានសាងសង់មន្ទីរពេទ្យនៅទីវាលចំនួន ៣ កន្លែងមកហើយ ដែលមន្ទីរពេទ្យទាំងនោះសុទ្ធតែមានទីតាំងស្ថិតនៅក្នុងខេត្ត Chonburi។ សូមរម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានមន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកមួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺកូវីដ ១៩ ខណៈមន្ទីរពេទ្យខ្លះត្រូវប្រឈមនឹងការខ្វះខាតបរិក្ខាសម្រាប់ធ្វើតេស្តរកជំងឺកូវីដ ១៩ ទៀតផង ហើយជាលទ្ធផលមន្ទីរពេទ្យទាំងនោះត្រូវប្រកាសផ្អាកទទួលអ្នកជំងឺនិងផ្អាកការទទួលធ្វើតេស្តជាបណ្តោះអាសន្នតែម្តង៕


អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand , បាងកកប៉ុស្តិ៍