ប៉ូលិសថៃជាង ១០០នាក់បានឆ្លងជំងឺកូវីដ ១៩ ខណៈប៉ូលិសជិត ១ ពាន់នាក់ផ្សេងទៀតកំពុងធ្វើចត្តាឡីស័ក
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ពេលនេះជំងឺកូវីដ ១៩ ហាក់កំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងចំណោមកងកម្លាំងប៉ូលិសថៃ ដោយគិតត្រឹមពេលនេះមានប៉ូលិសនៅទូទាំងប្រទេសថៃចំនួន ១១៣ នាក់ហើយដែលត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩។ លោកវរសេនីយ៍ទោ Sirikul Kritphitthayaboon ដែលជាអ្នកនាំពាក្យឲ្យបញ្ជាការដ្ឋានប៉ូលិសជាតិថៃបានបញ្ជាក់ថា ក្នុងចំណោមមន្ត្រីប៉ូលិសដែលបានឆ្លងជំងឺកូវីដ ១៩ ទាំងអស់នោះគឺមាន ប៉ូលិសក្រុងចំនួន ៥២ នាក់ ប៉ូលិសខេត្តនៅតំបន់ ៥ ចំនួន ២០ នាក់ ប៉ូលិសទេសចរណ៍ចំនួន ៧ នាក់ ប៉ូលិសស៊ើបអង្កេតថ្នាក់កណ្តាលចំនួន ៥ នាក់ និងក្រៅពីនេះគឺមន្ត្រីប៉ូលិសនៅតាមអង្គភាពផ្សេងៗនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ។

មន្តី្រប៉ូលិសទាំងអស់នេះបានឆ្លងជំងឺកូវីដ ១៩ មកពីប្រជាពលរដ្ឋក្នុងអំឡុងពេលដែលពួកគាត់ចុះទៅបំពេញបេសកម្មនិងធ្វើអន្តរាគមន៍នៅតាមមូលដ្ឋាន ហើយបច្ចុប្បន្ននេះពួកគាត់កំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗនៅក្នុងក្រុងបាងកកនិងនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បន្ទាប់ពីមានមន្ត្រីប៉ូលិសចំនួន ១១៣ នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩នោះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញថា មានមន្ត្រីប៉ូលិសចំនួន ៩៦១ នាក់ផ្សេងទៀតមានការពាក់ព័ន្ធយ៉ាងជិតស្និតជាមួយក្រុមមន្ត្រីប៉ូលិសដែលជាអ្នកជំងឺកូវីដ ១៩ នេះផងដែរ ហើយបច្ចុប្បន្នក្រុមមន្រ្តីប៉ូលិសដែលមានការជាប់ពាក់ព័ន្ធទាំងនោះក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។ លោកវរសេនីយ៍ទោ Sirikul Kritphitthayaboon ក៏បានព្រមានដែរថា លទ្ធភាពនៃរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមក្រុមប៉ូលិសថៃនៅទូទាំងប្រទេសគឺមានកម្រិតខ្ពស់ណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand