ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ច្រើនមែនទែន! ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ជាង១៦ម៉ឺននាក់ ដែលធ្វើឲ្យឥណ្ឌាវ៉ាដាច់ប្រេស៊ីលក្លាយជាប្រទេសមានអ្នកឆ្លងច្រើនបំផុតលំដាប់ទី ២ លើពិភពលោក

    BY Pheakdey April 12, 2021
    ច្រើនមែនទែន! ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ជាង១៦ម៉ឺននាក់ ដែលធ្វើឲ្យឥណ្ឌាវ៉ាដាច់ប្រេស៊ីលក្លាយជាប្រទេសមានអ្នកឆ្លងច្រើនបំផុតលំដាប់ទី ២ លើពិភពលោក

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ទី ១២ ខែមេសានេះ តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្ពស់ជាងប្រទេសប្រេស៊ីលទៅទៀត ដែលធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកផងដែរ។ គួររម្លឹកជូនថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ហើយ​ជាក់ស្តែងសម្រាប់តួលេខអ្នកឆ្លងនៅក្នុងថ្ងៃចន្ទ ទី ១២ មេសានេះក៏ច្រើនខ្លាំងណាស់ដែរ ពោលគឺមានចំនួនរហូតដល់ ១៦៨ ៩១២ ករណីឯណោះ។​

    តាមរយៈតួលេខអ្នកឆ្លងថ្មីដ៏ច្រើននេះហើយ ដែលធ្វើឲ្យឥណ្ឌាវ៉ាដាច់ប្រេស៊ីលក្លាយជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោកវិញម្តង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៣,៥២ លានករណី និងមានអ្នកស្លាប់សរុបជាង ១,៧ សែនករណី។ ប្រទេសប្រេស៊ីលដែលជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ៣ ជំនួសប្រទេសឥណ្ឌានោះមានចំនួនអ្នកឆ្លងសរុបជាង ១៣,៤៨ លានករណីនិងស្លាប់ជាង ៣,៥ សែនករណី។ ដោយឡែកសម្រាប់ប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ១ វិញនៅតែជាអាមេរិកដដែល ដោយគិតត្រឹមពេលនេះអាមេរិកមានអ្នកឆ្លងសរុបជាង ៣១,៦៦ លានករណី និងស្លាប់ជាង ៥,៧ សែនករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: