ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមតែមួយថ្ងៃម្សិលមិញនេះប្រេស៊ីល មានអ្នកទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ រហូតដល់ទៅ ១៤៨០ នាក់

    BY Pheakdey April 13, 2021
    ត្រឹមតែមួយថ្ងៃម្សិលមិញនេះប្រេស៊ីល មានអ្នកទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ រហូតដល់ទៅ ១៤៨០ នាក់

    ប្រេស៊ីល៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី ១២ ខែមេសា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសប្រេស៊ីលបានរកឃើញអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមួយ ពោលគឺត្រឹមតែរយៈពេល ២៤ ម៉ោងប្រេស៊ីលបានរកឃើញមានអ្នកស្លាប់រហូតដល់ទៅ ១ ៤៨០នាក់ឯណោះ។ តាមរយៈតួលេខអ្នកស្លាប់ដ៏ច្រើននេះក៏បានបន្ថែមសម្ពាធថ្មីមួយទៀតចំពោះរដ្ឋាភិបាលប្រេស៊ីលផងដែរ ដោយមានមតិសាធារណៈជាច្រើនចង់ឲ្យមានការតាមដានជាពិសេសនិងជាក់លាក់មួយអំពីរបៀបដែលរដ្ឋាភិបាលប្រស៊ីលធ្វើការដោះស្រាយជុំវិញការរាតត្បាតជំងឺកូវីដ ១៩  ដ្បិតនាពេលកន្លងមកវិធានការរបស់អាជ្ញាធរប្រេស៊ីលហាក់មិនសូវមានប្រសិទ្ធភាពទាល់តែសោះក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ។

    គួររម្លឹកជូនថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះរលកនៃការរាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេសប្រេស៊ីលហាក់កម្រើកឡើងវិញយ៉ាងខ្លាំង ហើយគិតជាសរុបរួមគឺមកទល់នឹងពេលនេះប្រទេសប្រេស៊ីលមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៣,៥ លាននាក់ ខណៈអ្នកស្លាប់វិញមានចំនួនជាង ៣៥ ម៉ឺននាក់ផងដែរ។ យ៉ាងណាក្តី បើគេធ្វើការប្រៀបធៀបតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសប្រេស៊ីលជាមួយនឹងប្រទេសឥណ្ឌា គឺប្រទេសឥណ្ឌាមានអ្នកឆ្លងច្រើនជាងតែមានអ្នកស្លាប់តិចជាង ដោយគិតត្រឹមពេលនេះឥណ្ឌាមានតួលេខអ្នកឆ្លងជាង ១៣,៦៨ លាននាក់និងស្លាប់ត្រឹមតែជាង ១៧ ម៉ឺននាក់ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: