ឥណ្ឌូនេស៊ី ពេញចិត្តយ៉ាងខ្លាំងចំពោះប្រសិទ្ធភាពវ៉ាក់សាំងកូវីដ ១៩ របស់ចិនដែលខ្លួនកំពុងតែប្រើប្រាស់ , ការចាក់វ៉ាក់សាំងនេះបានជួយកាត់បន្ថយអាត្រាឆ្លងថ្មីបានយ៉ាងច្រើនផងដែរ
ឥណ្ឌូនេស៊ី៖ តំណាងប្រទេសឥណ្ឌូនេស៊ីម្នាក់កាលពីថ្ងៃចន្ទ ទី ១២ មេសា ម្សិលមិញនេះបានថ្លែងជាសាធារណៈថា ឥណ្ឌូនេស៊ីពិតជាពេញចិត្តនឹងប្រសិទ្ធភាពវ៉ាក់សាំងកូវីដ ១៩ របស់ចិនខ្លាំងណាស់ ដែលវ៉ាក់សាំងចិនទាំងនេះកំពុងត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីចាក់ជូនពលរដ្ឋខ្លួននៅទូទាំងប្រទេសផងដែរ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងដោយលោកស្រី Siti Nadia Tarmizi ដែលជាអ្នកនាំពាក្យរបស់កម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌនេស៊ី ក្នុងឱកាសដែលលោកស្រីបានធ្វើសន្និសិទ្ធការសែតផ្លូវការមួយស្តីអំពីប្រសិទ្ធភាពនៃវ៉ាក់កូវីដ ១៩ របស់ចិន ដែលអាជ្ញាធរបានចាក់ជូនពលរដ្ឋឥណ្ឌូនេស៊ីនាពេលកន្លងមក។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ឆ្លងតាមការសិក្សានាពេលកន្លងមកគឺវ៉ាក់សាំងចិនមានប្រសិទ្ធភាពរហូតដល់ ៦៥% សម្រាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈគ្មានពលរដ្ឋឥណ្ឌូនេស៊ីណាម្នាក់កើតមានប្រតិកម្មបែបអវិជ្ជមានធ្ងន់ធ្ងរគួរឲ្យគាត់សម្គាល់នោះទេក្រោយចាក់វ៉ាក់សាំងរួចហើយតាមរយៈការចាក់វ៉ាក់សាំងនេះគឺវាបានជួយកាត់បន្ថយអាត្រាឆ្លងថ្មីបានយ៉ាងច្រើនផងដែរ។

ឆ្លើយតបនឹងការថ្លែងខាងលើនេះ លោក Gao Fu ដែលជាប្រធានមជ្ឈមណ្ឌលចិនសម្រាប់ការត្រួតពិនិត្យនិងការពារជំងឺឆ្លងបានបញ្ជាក់ថា បើទោះជាពេលនេះអង្គការសុខភាពពិភពលោកសម្រេចទទួលស្គាល់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនជាផ្លូវការក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្តចិននៅតែខិតខំអភិវឌ្ឍន៍វ៉ាក់សាំងឲ្យកាន់តែល្អថែមទៀតផងដែរ ពោលគឺចិនចង់ឲ្យវ៉ាក់សាំងកូវីដ ១៩ ជំនាន់ក្រោយរបស់ខ្លួនអាចមានប្រសិទ្ធភាពជាទូទៅរហូតដល់ជាង ៩០% ឯណោះ។ គួរបញ្ជាក់ជូនផងដែរថា តាមរយៈការសិក្សានាពេលកន្លងមកបានបង្ហាញថា វ៉ាក់សាំងកូវីដ ១៩ របស់ចិនអាចមានប្រសិទ្ធភាពចន្លោះពី ៥០% ទៅ ៧៩ % ប៉ុណ្ណោះ ខណៈវ៉ាក់សាំងកូវីដ ១៩ របស់អាមេរិកប្រភេទ Pfizer និង Moderna អាចមានប្រសិទ្ធភាពរហូតដល់ទៅ ៩៥%៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia