ថៃនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមិនព្រមទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលគេសាងសង់នៅទីវាល
ថៃ៖ អាជ្ញាធរថៃនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកជំងឺកូវីដ ១៩ ណាដែលមិនព្រមទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយោធាឬជាមន្ទីរពេលដែលគេសាងសង់នៅទីវាល។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា ចំណាត់ការខាងលើនេះត្រូវបានដាក់ចេញភ្លាមៗក្រោយមានអ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបាងកកចំនួន ៧៤ នាក់បានបដិសេដមិនព្រមទៅសម្រាកព្យបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធានោះទេ ព្រោះតែពួកគេយល់ថា ការសម្រាកនៅក្នុងមន្ទីរពេទ្យយោធានោះមិនមានផាសុខភាពគ្រប់គ្រាន់សម្រាប់ពួកគេ ហើយពួកគេស្នើសុំអាជ្ញាធរសុខាភិបាលឲ្យមកព្យាបាលពួកគេនៅផ្ទះជំនួសវិញ។

(រូបតំណាង)
យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺទាំង ៧៤ នាក់នោះសុទ្ធតែមានស្ថានភាពធ្ងន់ ដែលទាមទារឲ្យមានការពិនិត្យនិងព្យាបាលនៅក្នុងមន្ទីរពេទ្យទើបអាចជួយសង្គ្រោះពួកគេបាន ខណៈដែលមន្ទីរពេទ្យធម្មតាបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ។ លោក Sathit Pitutecha ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានថ្លែងថា គាត់ពិតជាខឹងខ្លាំងបន្ទាប់ពីទទួលបានដំណឹងខាងលើនេះ ព្រោះក្នុងស្ថានបន្ទាន់បែបនេះទៅហើយ តែពលរដ្ឋមួយចំនួននៅតែគិតពីភាពស្រណុកសុខស្រួលជាងសុវត្ថិភាពអាយុជីវិតរបស់ពួកគេទៅទៀត។ គួរម្លឹកថា បញ្ហាខ្វះខាតគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ បានក្លាយជាបញ្ហាចម្បងមួយដែលកំពុងកើតមានទៅតាមបណ្តាមន្ទីរពេទ្យទូទាំងប្រទេសថៃ ក្រោយចំនួនអ្នកជំងឺកូវីដ ១៩ បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

(រូបតំណាង)
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍