ម្សិលមិញនេះ បុគ្គលិកសុខាភិបាលជួរមុខនៅប្រទេសថៃ ចំនួន ១៤៦នាក់បានឆ្លងកូវីដ១៩
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា មានបុគ្គលិកសុខាភិបាលជួរមុខនៅក្នុងប្រទេសថៃចំនួន ១៤៦ នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃ អង្គារ ទី ២០ មេសា ម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកបុគ្គលិកសុខាភិបាលជួរមុខទាំងនោះគឺមានទាំងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ដែលនាពេលកន្លងមកពួកគាត់សុទ្ធតែបានធ្វើការងារយ៉ាងសកម្មក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ។ បើតាមអាជ្ញាធរសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកសុខាភិបាលដែលបានឆ្លងជំងឺកូវីដ ១៩ ទាំងអស់នេះគឺមានបុគ្គលិកសុខាភិបាលចំនួន ៣៣ បានឆ្លងពីអ្នកជំងឺផ្ទាល់តែម្តង ខណៈបុគ្គលិកសុខាភិបាលជាង ១០០ នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ ១៩ នៅក្រៅម៉ោងការងារ ហើយពួកគាត់ក៏បានព្យាយាមលាក់បាំងអំពីប្រវត្តិនៃការធ្វើដំណើរដែលជាដើមហេតុបង្កឲ្យមានការចម្លងនេះទៀតផង។

បើយោងទៅច្បាប់នៅក្នុងប្រទេសថៃបានកំណត់ថា ពលរដ្ឋណាដែលបានលាក់បាំងប្រវត្តិនៃការធ្វើដំណើររបស់ខ្លួនព្រោះមិនចង់ឲ្យគេសង្ស័យថាខ្លួនបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ឬកន្លែងមានផ្ទុះជំងឺកូវីដ ១៩ នោះនឹងត្រូវពិន័យជាប្រាក់ម្នាក់ ២០ ០០០ បាត (៦៣៩ ដុល្លារអាមេរិក)។ គួរបញ្ជាក់ថា រលកទី ៣ នៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃនៅពេលហាក់មានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្នុងរយៈពេល ៦ ថ្ងៃចុងក្រោយនេះតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃកើនឡើងលើសពី ១ ពាន់នាក់ក្នុងមួយថ្ងៃ ខណៈខាងមន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger