ក្តៅៗ! ថ្ងៃសៅរ៍នេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ទៅ ២,៨៣៩ នាក់ និងបាត់បង់ជីវិត៨នាក់ផងដែរ
ថៃ៖ យោងសេចក្តីរាយការណ៍ជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសថៃនៅថ្ងៃសោរ៍ ទី ២៤ មេសា នេះគឺមានចំនួនរហូតដល់ទៅ ២ ៨៣៩ នាក់ ដែលនេះជាចំនួនអ្នកឆ្លងប្រចាំថ្ងៃក៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះនៅក្នុងប្រទេសថៃ។ ប្រភពខាងលើបន្តថា ក្រៅតែពីបានកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើននេះអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៨ នាក់ផងដែរ។

គួរបញ្ជាក់ថា គិតជាសរុបរួមមកទល់នឹងពេលនេះគឺប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៥៣ ០២២ ករណី ខណៈក្នុងពេលបច្ចុប្បន្ននេះថៃមានអ្នកជំងឺចំនួន ២២ ៣២៧ នាក់កំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។ គួររម្លឹកថា ថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ខ្ទង់ជាង ១ ពាន់នាក់ប្រហែលជាមួយសប្តាហ៍ជាប់គ្នាមកហើយ ខណៈ ២ ថ្ងៃចុងក្រោយនេះតួលេខអ្នកឆ្លងថ្មីបានបន្តកើនឡើងលើសពី ២ ពាន់ករណីក្នុងមួយថ្ងៃ ហើយការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីយ៉ាងគំហុកនេះក៏បានធ្វើឲ្យមន្ទីរពេទ្យនៅទូទាំងប្រទសថៃត្រូវប្រឈមនឹងបញ្ហាខ្វះខាតគ្រែសម្រាប់អ្នកជំងឺផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Nation Thailand