ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះជាហេតុផលដែលបញ្ជាក់ថា ការរាតត្បាតកូវីដ ១៩ នៅឥណ្ឌាគឺជាវិបត្តិរបស់ពិភពលោកទាំងមូល

    BY Pheakdey April 28, 2021
    នេះជាហេតុផលដែលបញ្ជាក់ថា ការរាតត្បាតកូវីដ ១៩ នៅឥណ្ឌាគឺជាវិបត្តិរបស់ពិភពលោកទាំងមូល

    សារព័ត៌មាន BBC កាលពីព្រឹកថ្ងៃទី ២៨ មេសានេះ បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា ការរាតត្បាតខ្លាំងនូវជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌាក្នុងពេលនេះមិនមែនបង្កជាបញ្ហាត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ តែជាក់ស្តែងគឺវាបានបង្កជាវិបត្តិដ៏ធំមួយសម្រាប់ពិភពលោកទាំងមូលតែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តប្រចាំនៅអង្គការសុខភាពពិភពលោក (WHO)  បានពន្យល់ថា មេរោគកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌានាពេលនេះមានឈ្មោះថា B.1.617 អាចចម្លងបានលឿននិងបង្កគ្រោះថ្នាក់ជាងមេរោគកូវីដ ១៩ ធម្មតា ហើយតាមការសន្និដ្ឋាននៅពេលនេះគឺប្រព័ន្ធការពាររាងកាយឬប្រព័ន្ធការពារការចម្លងមេរោគមួយចំនួនមិនអាចទប់ស្កាត់មេរោគប្រភេទនេះបានទេ។

    ការរាតត្បាតមេរោគ B.1.617 បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាកើនឡើយយ៉ាងគំហុកដោយថ្ងៃខ្លះឥណ្ឌាមានអ្នកឆ្លងថ្មីរហូតដល់ជាង ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយគិតត្រឹមពេលនេះចំនួនអ្នកស្លាប់នៅឥណ្ឌាបានកើនឡើងលើសពី ២០០ ០០០ នាក់ហើយ ខណៈនៅតាមមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌាកំពុងប្រឈមនឹងការខ្វះខាតគ្រែពេទ្យ សម្ភារៈប្រើប្រាស់មួយចំនួន និងជាពិសេសខ្វះខាតអ៊ុកស៊ីសែនសម្រាប់ជួយសង្គ្រោះជីវិតជនរងគ្រោះយ៉ាងខ្លាំង។

    លោកវេជ្ជបណ្ឌិត Soumya Swaminathan បានបន្តទៀតថា គិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាត្រឹមតែ ២ % ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងកូវីដ ១៩រួច និងតិចជាង ១០ % បានចាក់វ៉ាក់សាំងដូសទី ១។ តាមភាពជាក់ស្តែងនេះឥណ្ឌានឹងត្រូវជួបប្រទះនឹងភាពចលាចលនិងបញ្ហាធំៗជាច្រើននៅទូទាំងប្រទេស ហើយបញ្ហាជារួមរបស់ឥណ្ឌាអាចជះឥទ្ធិអាក្រក់ដល់ពិភពលោកតាមរយៈហេតុផលសំខាន់ចំនួន ២ ដូចជា៖

    ទី១៖ មេរោគកូវីដ ១៩ បម្លែងខ្លួននៅឥណ្ឌាអាចចម្លងទៅកាន់ប្រទេសផ្សេងទៀតបានយ៉ាងលឿនតាមរយៈអ្នកដំណើរ ព្រោះថា អ្នកដំណើរមួយចំនួនដែលតេស្តអវិជ្ជមាននៅក្នុងប្រទេសឥណ្ឌា បែរជាត្រូវតេស្តវិជ្ជមានវិញពេលទៅដល់ប្រទេសផ្សេង។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុខនេះមានអ្នកដំណើរចំនួន ៥២នាក់ដែលបានតេស្តអវិជ្ជមានកូវីដ​ ១៩ ក្នុងរយៈពេល ៣ ថ្ងៃមុខនឹងចេញដំណើរពីឥណ្ឌាទៅហុងកុង តែពេលទៅដល់ហុងកុងគឺគេបានរកឃើញថាពួកគាត់វិជ្ជមានជំងឺកូវីដ ១៩។

    ទី២៖ ឥណ្ឌាគឺជាកន្លែងផលិតវ៉ាក់សាំងកូវីដ ១៩ ធំបំផុតនៅលើពិភពលោក ហើយខណៈដែលឥណ្ឌាកំពុងប្រឈមនឹងបញ្ហាកូវីដ ១៩ ខ្លួនឯងដែរនោះ ចង្វាក់នៃការផលិតវ៉ាក់សាំងមួយចំនួននៅក្នុងប្រទេសឥណ្ឌាក៏បានថយចុះផងដែរ។ តួយ៉ាងចំនួនវ៉ាក់សាំង AstraZeneca របស់ក្រុមហ៊ុនអង់គ្លេសនិងវ៉ាក់សាំងកូវីដ ១៩ ដែលជាកម្មវិធី Covax របស់អង្គការសហប្រជាជាតិដែលត្រូវផលិតនិងនាំចេញពីប្រទេសប្រទេសឥណ្ឌាបានធ្លាក់ចុះ ហើយការធ្លាក់ចុះនេះបានធ្វើឲ្យមានការរាំងស្ទះក្នុងការបែងចែកវ៉ាក់សាំងទៅកាន់បណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍជាច្រើននៅជុំវិញពិភពលោក ខណៈប្រទេសឥណ្ឌាខ្លួនឯងកំពុងត្រូវការវ៉ាក់សាំងកូវីដ ១៩ ជាបន្ទាន់ក្នុងចំនួនដ៏ច្រើនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: