ថៃគ្រោងចាក់វ៉ាក់សាំង AstraZeneca ដែលផលិតក្នុងប្រទេសខ្លួន ជូនពលរដ្ឋ ១៦ លាននាក់នៅក្នុងខែមិថុនាខាងមុខនេះ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា នៅក្នុងខែ មិថុនា ខាងមុខនេះ ថៃនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតនៅក្នុងប្រទេសខ្លួនយកទៅប្រើប្រាស់ជាផ្លូវការហើយ។ ប្រភពខាងលើបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Siam Bioscience ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃអាចផលិតវ៉ាក់សាំង AstraZeneca រួចរាល់ហើយ ក្រោយមានការត្រួតពិនិត្យលើគុណភាពវ៉ាក់សាំងនេះជាច្រើនដំណាក់កាលនិងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរួចមក។

លោក James Teague ដែលជាប្រធានគ្រប់គ្រងវ៉ាក់សាំង AstraZeneca ប្រចាំនៅក្នុងប្រទេសថៃបានឲ្យដឹងថា វ៉ាក់សាំងដែលថៃនឹងទទួលបាននៅដំណាក់កាលដំបូងនេះគឺអាចគ្រប់គ្រាន់សម្រាប់ដាក់ជូនពលរដ្ឋអទិភាពចំនួន ១៦ លាននាក់ ដោយក្នុងនោះមានពលរដ្ឋចំនួន ១១,៧ លាននាក់ជាក្រុមពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំ និង ពលរដ្ឋចំនួន ៤,៧ លាននាក់ទៀតគឺជាក្រុមពលរដ្ឋដែលមានជំងឺប្រចាំខ្លួន តែអាចទទួលវ៉ាក់សាំងបាន។ សូមបញ្ជាក់ផងដែរថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនឲ្យបាន ៧០% នៃចំនួនពលរដ្ឋសរុប ដោយប្រើប្រាស់វ៉ាក់សាំងខ្លួនឯងផងនិងបញ្ជាទិញពីបរទេសផងដោយយោងទៅតាមភាពជាក់ស្តែង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្ត៍