វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួនមកពីឥណ្ឌាក្នុងប្រទេសខ្លួនជាលើកដំបូង
វៀតណាម៖ យោងតាមសារព័ត៌មាន VN Express បានរាយការណ៍ថា ប្រទេសវៀតណាមបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកមកពីប្រទេសឥណ្ឌជាលើកដំបូងនៅក្នុងប្រទេសខ្លួនហើយ កាលពីថ្ងៃសុក្រ ទី ៣០ មេសា ម្សិលមិញនេះ។ ប្រភពបានបន្តថា លទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកពីឥណ្ឌានោះគឺបានរកឃើញចំពោះក្រុមអ្នកជំនាញឥណ្ឌាចំនួន ៤ នាក់ និងពលរដ្ឋវៀតណាមម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងខេត្ត Yen Bai ភាគខាងជើងនៃប្រទេសវៀតណាម។

បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ថា កាលពីថ្ងៃទី ១៨ មេសាកន្លងទៅនេះ មានអ្នកជំនាញឥណ្ឌាចំនួន ១១ នាក់បានទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារខាងលើនេះ ហើយគិតមកទល់នឹងពេលនេះគឺមានក្រុមអ្នកជំនាញឥណ្ឌា ៤ នាក់ បានបង្ហាញលទ្ធផលតេស្តិ៍វិជ្ជមាន ហើយបុរសវៀតណាមដែលបានតេស្តវិជ្ជមានដែរនោះគឺជាបុគ្គលិកដែលបានបម្រើការងារដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញឥណ្ឌានេះតែម្តង។ គួររម្លឹកថា មេរោគកូវីដ ១៩ បម្លែងខ្លួននៅឥណ្ឌា មានឈ្មោះថា B.1.617 ជាមេរោគដែលមានការចម្លងលឿននិងបង្កគ្រោះថ្នាក់ជាងមេរោគកូវីដ ១៩ ធម្មតា។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះវៀតណាមបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២ ៩២៨ នាក់ និងស្លាប់ចំនួន ៣៥ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express