នេះហើយទឹកចិត្តគ្រូបង្រៀន! លោកគ្រូម្នាក់សុខចិត្តនៅបង្រៀនសិស្សតាម Online បើទោះគាត់កំំំពុងសម្រាកព្យាបាលជំងឺបែបនេះនៅមន្ទីរពេទ្យក៏ដោយ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានសាស្ត្រាចារ្យម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅក្នុងមន្ទីរពេទ្យទៅហើយនោះ តែរូបគាត់នៅតែឆ្លៀតបង្រៀនកូនសិស្សតាមប្រព័ន្ធ Online ទៀត ដែលនេះជាសកម្មភាពគួរឲ្យគោរពបំផុតមួយនិងមិនអាចកាត់ថ្លៃបាននោះទេ។ លោកសាស្ត្រាចារ្យរូបនេះមានឈ្មោះថា Aceng Muhtaram ជាគ្រូបង្រៀនម្នាក់នៅក្នុងទីក្រុង Bandung នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យអស់មួយសប្តាហ៍ទៅហើយ។ យ៉ាងណាក្តី មុនពេលទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យលោកសាស្ត្រាចារ្យរូបនេះត្រូវបង្រៀនមុខវិទ្យា “ស្រាវជ្រាវរដ្ឋបាលអប់រំ” ទៅកាន់កូនសិស្សជាច្រើននាក់ ដើម្បីត្រៀមសម្រាប់ការប្រលងរបស់ពួកគេផងដែរ។

ដំបូងឡើយពេលចាប់ផ្តើមរៀននៅក្នុងប្រព័ន្ធ Zoom កូនសិស្សទាំងអស់មិនបានដឹងថា លោកគ្រូរបស់ពួកគេនៅក្នុងមន្ទីរពេទ្យនោះទេ តែក្រោយមកនៅពេលលោកគ្រូចាប់ផ្តើមរកសម្ភារៈបន្ថែមនោះទើបកូនសិស្សមើលឃើញដោយចៃដន្យថា តាមការពិតគឺរូបគាត់កំពុងតែសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យ ហើយក្រោយមកទើបក្រុមកូនសិស្សដឹងថា គាត់បានរងគ្រោះដោយជំងឺដាច់សរសៃឈាមនិងទៅសម្រាកនៅក្នុងមន្ទីរពេទ្យអស់មួយសប្តាហ៍មកហើយ។ ទោះជាមានជំងឺធ្ងន់ធ្ងរប្រចាំខ្លួនក្តី ក៏លោកគ្រូមិនបានគេចវេះពីការងារឡើយ ហើយគាត់ថែមទាំងមិនបានប្រាប់ឲ្យសិស្សដឹងទៀតផង នេះហើយគឺជាទឹកចិត្តដែលមិនអាចកាត់ថ្លៃបានក្នុងនាមជាគ្រូបង្រៀនម្នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz