បាក់ផុងផ្លូវរថភ្លើងលើអាកាសនៅទីក្រុងមិចស៊ិចកូ ឆក់យកជីវិតមនុស្ស ២៤នាក់និង ៧៩នាក់ទៀតរងរបួស
មិចស៊ិចកូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់បានស្លាប់ និងមនុស្សចំនួន ៧៩នាក់ផ្សេងទៀតរួមទាំងកូនក្មេងផង បានរងរបួសនៅក្នុងហេតុការណ៍បាក់ផុសផ្លូវរថភ្លើងលើអាកាសមួយនៅក្នុងទីក្រុងមិចស៊ិចកូ កាលពីដើមសប្តាហ៍នេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ១០ និង ៣០នាទីយប់ កាលពីយប់ថ្ងៃចន្ទ កន្លងទៅនេះ តែប្រតិបត្តិការស្ទូចរថភ្លើងត្រូវបានគេចាប់ផ្តើមធ្វើនៅថ្ងៃអង្គារម្សិលមិញនេះ។

ប្រភពបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានតែជនរងគ្រោះចំនួន ៥នាក់ប៉ុណ្ណោះដែលត្រូវបានគេស្គាល់អត្តសញ្ញាណ ខណៈក្រៅពីនេះអាជ្ញាធរមិនអាចកំណត់អត្តសញ្ញាណរបស់ពួកគាត់បានឡើយ។ អាជ្ញាធរមិចស៊ិចកូក៏បានប្រកាសឲ្យពលរដ្ឋណាដែលបានបាត់សាច់ញាតិឬមិត្តភក្តិ ប្រញាប់មកពិនិត្យមើលសាកសពផងដែរ ក្រែងបានស្គាល់ថាសាកសពជាអ្នកណានិងអាចយកសាកសពទៅធ្វើបុណ្យបាន។ គួរបញ្ជាក់ថា ពេលនេះអាជ្ញាធរមិចស៊ិចកូកំពុងបើកការស៊ើបអង្កេតជាពិសេសមួយជុំវិញករណីនេះ ដើម្បីរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ដ៏អាក្រក់នេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail