វ៉ាក់សាំងមួយនេះអាចរក្សាទុកក្នុងទូទឹកកកធម្មតាបាន និងអាចប្រើចំពោះកូនក្មេងអាយុ២ឆ្នាំបានទៀត
ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិក Pfizer បានប្រកាសថា ក្រុមហ៊ុនគ្រោងនឹងចេញលក់វ៉ាក់សាំង Pfizer ជំនាន់ថ្មី ដែលអាចរក្សាទុកនៅក្នុងទូទឹកកកធម្មតាបាន និងអាចចាក់ជូនក្មេងតូចដែលមានអាយុចាប់ពី ២ ឆ្នាំបានទៀតផង។ គួរបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្ននេះត្រូវរក្សាទុកនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត ពោលគឺនៅសីតុណ្ណភាពកម្រិតពី -៦០ ទៅ -៨០ អង្សាសេទើបអាចប្រសិទ្ធភាពប្រើប្រាស់ក្នុងរយៈពេល ៦ ខែ ហើយបើគេរក្សាទុកនៅក្នុងសីតុណ្ណភាពត្រឹមចន្លោះពី -១៥ ទៅ -២៥ អង្សាសេវិញ គឺវ៉ាក់សាំងមានប្រសិទ្ធភាពត្រឹមតែក្នុងរយៈ ២ សប្តាហ៍ប៉ុណ្ណោះ។ ដោយឡែកសម្រាប់វ៉ាក់សាំង Pfizer ជំនាន់ថ្មីវិញគឺអាចរក្សាទុកនៅក្នុងសីតុណ្ណភាពត្រឹមចន្លោះពី ២ ទៅ ៨ សង្សាសេដែលជាសីតុណ្ណភាពមាននៅក្នុងទូទឹកកកធម្មតានិងអាចមានប្រសិទ្ធភាពរហូតដល់ទៅ ១០ សប្តាហ៍។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ជំនាន់ថ្មីនេះទៅកាន់អាជ្ញាធរគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិករួចហើយកាលពីថ្ងៃអង្គារម្សិលមិញនេះដោយគេរំពឹងថានឹងទទួលបានការអនុញ្ញាតផ្លូវការនៅក្នុងអំឡុងខែ ឧសភានេះផងដែរ។ យ៉ាងណាក្តី ចំពោះការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងទៅលើកូនក្មេងអាយុ ២ឆ្នាំវិញ អាចនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែសីហាខាងមុខនេះ ដោយអាជ្ញាធរត្រូវការពេលពិនិត្យឲ្យបានហ្មត់ចត់ជាមុនសិន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer មានតម្លៃជាទឹកប្រាក់ប្រមាណជា ៣,៥ ពាន់លានដុល្លារអាមេរិក ហើយបើគិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២១នេះ ក្រុមហ៊ុនបានរកប្រាក់ចំណេញរហូតដល់ទៅ ៩០០ លានដុល្លារអាមេរិករួចទៅហើយពីការលក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail