តាមមន្ទីរពេទ្យនៅក្រុងបាងកកកំពុងខ្វះគ្រែពេទ្យយ៉ាងខ្លាំង ក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ កើនឡើងយ៉ាងគំហុក
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងបាងកក ប្រទេសថៃកំពុងត្រូវការគ្រែពេទ្យបន្ថែមច្រើនទៀតជាបន្ទាន់ ខណៈក្រុងបាងកកមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ជាមធ្យមប្រមាណជា ៥០០ នាក់ក្នុងមួយថ្ងៃ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ដែលថៃបានរកឃើញក្នុងខ្ទង់ជាង ១ពាន់ ឬ ២ពាន់នាក់ក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺភាគច្រើនត្រូវ បានរកឃើញនៅក្នុងទីក្រុងបាងកកតែម្តង ហើយតាមការសន្និដ្ឋានគឺទីក្រុងបាងកកនឹងត្រូវមានអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់បន្ថែមទៀតក្នុងរយៈពេលជាច្រើនសប្តាហ៍ខាងមុខនេះ។

ព្រោះហេតុផលនេះហើយទើបនៅតាមបណ្តាមន្ទីរពេទ្យក្នុងទីក្រុងបាងកកត្រូវប្រឈមនឹងការខ្វះខាតគ្រែពេទ្យយ៉ាងខ្លាំង រហូតមានអ្នកជំងឺកូវីដ ១៩ មួយចំនួនត្រូវរង់ចាំ ៣-៤ ថ្ងៃទើបអាចចូលទៅសម្រាកក្នុងមន្ទីរពេទ្យបាន ក្រោយពេលដែលពួកគេបានធ្វើតេស្តវិជ្ជមានរួច។ គួរម្លឹកថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះក្រុងបាងកកបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៨៦៩ នាក់ ខណៈនៅក្នុងថ្ងៃសោរ៍ ទី ៨ ឧសភានេះនៅទូទាំងប្រទេសថៃមានឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ៤១៩ នាក់ និងស្លាប់ចំនួន ១៩ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍