អន្តរជាតិ

ការសិក្សាមួយបានបង្ហាញថា វ៉ាក់សាំង Sinovac អាចចាក់ជូនពលរដ្ឋមានអាយុលើសពី ៦០ ឆ្នាំបានដោយសុវត្ថិភាព

BY
Pheakdey
May 11, 2021

ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយនូវលទ្ធផលនៃការសិក្សាមួយនៅក្នុងប្រទេសចិនដែលបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac គឺអាចចាក់ជូនប្រជាពលរដ្ឋដែលមានអាយុលើសទី ៦០ឆ្នាំបានដោយសុវត្ថិភាព។ គួររម្លឹកថា នាពេលកន្លងមកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិននេះគឺត្រូវបានគេចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំគឺគេមិនទាន់ហ៊ានចាក់ជូននៅឡើយទេដោយបារម្ភខ្លាចថា ពួកគាត់អាចប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងរួច។ យ៉ាងណាក្តី ពេលនេះការសិក្សាឯករាជ្យមួយនៅក្នុងប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា វ៉ាក់សាំង Sinovac ក៏អាចចាក់ជូនពលរដ្ឋចាស់ៗបានជាធម្មតាផងដែរ។

ក្រោយការរកឃើញនេះ លោក Sophon Mekhton ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសថៃ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងវ៉ាក់សាំងកូវីដ ១៩ បានចេញមកអំពាវនាវកុំឲ្យពលរដ្ឋថៃដែលមានអាយុលើសពី ៦០ ឆ្នាំមានការបារម្ភជាមួយនឹងវ៉ាក់សាំង Sinovac ទៀត ព្រោះនៅពេលខាងមុខនេះអាជ្ញាធរសុខាភិបាលថៃនឹងសម្រេចយកវ៉ាក់សាំង Sinovac ទៅចាក់ជូនពលរដ្ឋគ្រប់វ័យនៅទូទាំងប្រទេសហើយ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានទិញវ៉ាក់សាំង Sinovac ចំនួន ៣,៥ លានដូសយកទៅប្រើប្រាស់រួចហើយ ខណៈវ៉ាក់សាំង Sinovac ចំនួន ៥០០ ០០០ ដូសទៀតបន្ថែមទៀតនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសថៃនៅចុងសប្តាហ៍នេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖

Share This Post: