អ្នកទោសនៅក្នុងប្រទេសថៃប្រមាណជិត ៣,០០០ នាក់បានឆ្លងជំងឺកូវីដ ១៩
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា មានអ្នកទោសថៃប្រមាណជិត ៣ ពាន់នៅពន្ធនាគារធំៗ ចំនួន ២ ក្នុងទីក្រុងបាងកកត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។ បើតាមលោក Aryut Sinthoppan ដែលជាអគ្គនាយកនៃនាយកដ្ឋានកែប្រែខ្លួនបានបញ្ជាក់ថា ករណីរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមអ្នកទោសនេះបានកើតឡើងនៅក្នុងមន្ទីរឃុំឃាំងធំៗចំនួន ២ គឺពន្ធនាគារក្រុងបាងកក និងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សស្រី។

រូបតំណាង
លោកអគ្គនាយករូបនេះបានបន្តថា គិតត្រឹមថ្ងៃពុធ ទី១២ ខែ ឧសភា ម្សិលមិញនេះ គឺមានអ្នកទោសនៅក្នុងពន្ធនាគារក្រុងបាងកកចំនួន ១,៧៩៥ នាក់ក្នុងចំណោមអ្នកទោសសរុប ៣,២៣៨នាក់ និងអ្នកទោសនៅក្នុងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សស្រីចំនួន ១,០៤០ នាក់ក្នុងចំណោមអ្នកទោសសរុបចំនួន ៤,៥១៨ នាក់ ត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ ខណៈអាជ្ញាធរកំពុងបន្តធ្វើតេស្តក្នុងចំណោមអ្នកទោសជាច្រើនផ្សេងទៀតផងដែរ។
គិតត្រឹមពេលនេះគឺមានអ្នកទោសសរុបចំនួន ២,៨៣៥ នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ ហើយភាគច្រើននៃអ្នកទោសទាំងនេះគឺត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយោធាដែលគេទើបនឹងបង្កើតឡើងនៅក្បែរមន្ទីរឃុំឃាំងតែម្តង។ ក្រោយផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមអ្នលទោសដូចនេះ អាជ្ញាធរថៃក៏បានដាក់ចេញវិធានការតឹងរឹងជាច្រើនផងដែរ ដូចជាហាមមិនឲ្យសាច់ញាតិអ្នកទោសចូលមកសួរសុខទុក្ខអ្នកទោសជាដាច់ខាត ហើយស្រាប់អ្នកទោសថ្មីគឺត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ២១ ថ្ងៃជាមុនសិនមុននឹងត្រូវបញ្ជូនទៅក្នុងគុកជាមួយទោសផ្សេងទៀត៕

រូបតំណាង
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍