ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជួបទុក្ខផ្ទួនៗ! រឿងកូវីដដោះស្រាយមិនចប់ផង ឥលូវឥណ្ឌាជួបបញ្ហាខ្យល់ព្យុះស៊ីក្លូនវាយបោកបក់ ឆក់យកជីវិតពលរដ្ឋ ៤នាក់ និងរាប់ពាន់នាក់ទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey May 17, 2021
    ជួបទុក្ខផ្ទួនៗ! រឿងកូវីដដោះស្រាយមិនចប់ផង ឥលូវឥណ្ឌាជួបបញ្ហាខ្យល់ព្យុះស៊ីក្លូនវាយបោកបក់ ឆក់យកជីវិតពលរដ្ឋ ៤នាក់ និងរាប់ពាន់នាក់ទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៤ នាក់បានស្លាប់បាត់បង់ជីវិតនិងជាច្រើនពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់​ ក្រោយឥណ្ឌាបានរងនូវការវាយប្រហារដោយព្យុះកំណាចមួយកាលពីថ្ងៃអាទិត្យទី ១៦ ឧសភា ម្សិលមិញនេះ។ ប្រភពខាងលើបានបញ្ជាក់ថាព្យុះមួយនេះមានឈ្មោះថា ព្យុះស៊ីក្លូនតាកតា (Cyclone Tauktae) បានបោកបក់ពីតំបន់ភាគជើងឆ្ពោះទៅកាន់តំបន់ភាគខាងលិចប្រទេសឥណ្ឌាក្នុងល្បឿនប្រមាណជា ១៥០-១៦០​ គីឡូម៉ែត្រក្នុងមួយម៉ោង​ ហើយតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺតំបន់កោះនៅក្នុងរដ្ឋ Gujarat ។ ព្យុះស៊ីក្លូនតាកតាបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ ខ្យល់បោកបក់យ៉ាងខ្លាំង តំបន់ខ្លះត្រូវមានទឹកជំនន់ ហើយតំបន់ខ្លះវិញត្រូវមានបញ្ហាបាក់ស្រុកដីយ៉ាងខ្លាំងផងដែរ។

    បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះមានពលរដ្ឋឥណ្ឌាចំនួន ៤ នាក់ត្រូវបានគេរាយការណ៍ថាស្លាប់បាត់បង់ជីវិត អ្នកនេសាទសមុទ្រចំនួន ២៧ នាក់បានបាត់ខ្លួនដែលគេមិនរំពឹងថាពួកគាត់អាចនឹងនៅរស់នោះទេ ខណៈពលរដ្ឋប្រមាណជា ៧៥ ០០០នាក់ផ្សេងត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់ផងដែរ។ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់ដែលឥណ្ឌាបានជួបប្រទះនៅពេលនេះគឺស្របពេលដែលឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងផងដែរ ដោយគិតជាមធ្យមក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះឥណ្ឌាមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងខ្ទង់ ៣០-៤0 ម៉ឺននាក់និងស្លាប់ប្រមាណជា ៤ ពាន់នាក់ក្នុងមួយថ្ងៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: