ពលរដ្ឋជប៉ុនជាច្រើននាំគ្នាប្រឆាំងមិនឲ្យរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដោយសារខ្លាចផ្ទុះជំងឺកូវីដ ១៩
ជប៉ុន៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា មានពលរដ្ឋជប៉ុនជាង ៨០% បានបង្ហាញនូវគំនិតប្រឆាំងមិនឲ្យរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុងតូក្យូនោះទេ ព្រោះតែភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ ១៩។ របាយការណ៍ខាងលើនេះគឺជាលទ្ធផលនៃស្ទង់មតិមួយដែលត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅនិងបូកសរុបលទ្ធផលផ្លូវការចុងក្រោយនៅព្រឹកថ្ងៃចន្ទ ទី ១៧ ខែ ឧសភានេះ។ គួរបញ្ជាក់ថា តាមគម្រោងគឺព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះនឹងត្រូវរៀបចំឡើងនៅក្នុងរយៈពេល ១០ សប្តាហ៍បន្ទាប់ទៀត ខណៈព្រឹត្តិការណ៍កីឡានេះត្រូវបានពន្យាពេលរៀបចំជាច្រើនលើកដងមកហើយនាពេលកន្លងមក។

ការទទួលបានសិទ្ធរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនិងអស្ចារ្យនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរបស់ជប៉ុន តែយ៉ាងណាក្តីភាពភ័យខ្លាចចំពោះការរាតត្បាតជំងឺកូវីដ ១៩ ក៏ជាបញ្ហាដ៏រសើបមួយដែលរដ្ឋាភិបាលជប៉ុនត្រូវយកមកថ្លឹងថ្លែងនៅក្នុងពេលនេះផងដែរ។ គួររម្លឹកថា ក្នុងពេលបច្ចុប្បន្ននេះជប៉ុនកំពុងប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ ១៩ ហើយកាលពីប៉ុន្មានថ្ងៃមុននេះរដ្ឋាភិបាលជប៉ុនទើបសម្រេច បិទខ្ទប់ក្រុងនិងតំបន់សំខាន់ៗចំនួន ៣ ជាបន្ទាន់ផងដែរ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ សូមបញ្ជាក់ថា បើទោះជាមានការស្ទង់មតិដូចខាងលើនេះក៏ពិតមែនតែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា រដ្ឋាភិបាលជប៉ុននឹងសម្រេចចិត្តពន្យាពេលឬបន្តរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិតរដូវក្តៅនេះតាមការគ្រោងទុកនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia