ក្មេងៗនៅប្រទេសថៃនឹងទទួលបានកញ្ចប់អ៊ីនធឺណិតដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលដល់ការរៀនតាមប្រព័ន្ធ Online
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្មេងៗនៅក្នុងប្រទេសថៃដែលចាំបាច់ត្រូវរៀនតាមប្រព័ន្ធ Online ក្នុងសម័យកូវីដ ១៩ នេះនឹងទទួលបានកញ្ចប់សេវាអ៊ីនធឺណិតដោយឥតថ្លៃពីសំណាក់រដ្ឋាភិបាលថៃ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃម្សិលមិញនេះក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមបានជួបប្រជុំជាមួយនឹងក្រសួងអប់រំរួចហើយ ដើម្បីស្វែងរកដំណោះស្រាយរួមមួយពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធ Online នេះ។ តាមគម្រោងរបស់ក្រសួងអប់រំគឺក្រសួងនឹងផ្តល់ការបង្រៀនតាមរូបភាពជាច្រើនមានទាំងការចាក់វីដេអូមេរៀនតាមទូរទស្សន៍ តាមបណ្តាញសង្គម និងរៀបចំថ្នាក់ Online សម្រាប់គ្រូនិងសិស្សអាចជួបគ្នាបានដោយផ្ទាល់ផងដែរ។ ក្រសួងអប់រំក៏នឹងធ្វើការស្ទង់មតិដើម្បីស្វែងរកចំនួនសិស្សជាក់ស្តែង ដែលត្រូវការកញ្ចប់សេវាអ៊ីនធឺណិតសម្រាប់ការសិក្សាតាមប្រព័ន្ធ Online ផងដែរ។

ដោយឡែកសម្រាប់ការងាររបស់ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមវិញ គឺក្រសួងមួយនេះនឹងបំពាក់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅតាមសាលារៀនមួយចំនួនសម្រាប់ឲ្យខាងសាលាអាចបើកថ្នាក់បង្រៀនតាមប្រព័ន្ធ Online ដោយរលូន។ ជាងនេះទៅទៀតក្រសួងក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ឺណធឺណិតជាច្រើនផ្សេងទៀតដើម្បីបំពាក់សេវាអ៊ីនធឺណិតល្បឿនលឿននៅតាមតំបន់ដាច់ស្រយាលមួយចំនួនផងដែរដើម្បីឲ្យកូនសិស្សនៅក្នុងតំបន់ទាំងនោះអាចមានលទ្ធភាពរៀនតាមប្រព័ន្ធ Online ដោយរលូនផងដែរ ហើយអ្វីដែលជារឿងពិសេសនោះគឺសេវាអ៊ីនធឺណិតនោះនឹងត្រូវផ្តល់ជូនដោយមិនគិតថ្លៃសម្រាប់កូនសិស្សដែលមានឈ្មោះត្រូវរៀនតាមប្រព័ន្ធ Online៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍