អាសូរណាស់! ថៃរកឃើញទារកអាយុត្រឹម២ខែម្នាក់ទទួលមរណភាព ដោយសារកូវីដ១៩ ដែលជាជនរងគ្រោះវ័យក្មេងបំផុត
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បាន្យដឹងថា ប្រទេសថៃបានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ដែលមានអាយុតិចបំផុតមិនធ្លាប់មាន ពោលគឺជាទារកមានអាយុត្រឹម ២ ខែប៉ុណ្ណោះ។ ការស្លាប់របស់ទារករូបនេះគឺត្រូវបានរកឃើញកាលពីថ្ងៃទី ១៨ ខែឧសភា ម្សិលមិញនេះ ដែលវាគឺជាថ្ងៃដែលអាជ្ញាធរថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរ ពោលគឺតួលេខអ្នកស្លាប់មានរហូតដល់ ៣៥ នាក់។

បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា ទារកដែលបានស្លាប់បាត់បង់ជីវិតនេះក៏មានបញ្ហាបេះដូងពីកំណើតមកស្រាប់ផងដែរ ទើបបានជារូបគេងាយនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះ។ គួរម្លឹកផងដែរថា នាពេលបច្ចុប្បន្ននេះប្រទេសថៃកំពុងតែប្រឈមនឹងរលកទី ៣ នៃជំងឺកូវីដ ១៩ យ៉ាងខ្លាំងនៅក្នុងសហគមន៍ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ កូវីដ ១៩ ក៏បានបន្តរាតត្បាតចូលទៅក្នុងចំណោមអ្នកទោសនៅទូទាំងប្រទេសថៃយ៉ាងច្រើនផងដែរ៕

រូបតំណាង
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia