ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឈប់ហៅមេរោគកូវីដ ១៩ ទម្រង់ថ្មីថា “មេរោគឥណ្ឌា” តទៅទៀត

    BY Pheakdey May 22, 2021
    ឥណ្ឌាស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឈប់ហៅមេរោគកូវីដ ១៩ ទម្រង់ថ្មីថា “មេរោគឥណ្ឌា” តទៅទៀត

    ឥណ្ឌា៖ ក្រសួងព័ត៌មានរបស់ប្រទេសឥណ្ឌាបានផ្ញើលិខិតទៅកាន់ក្រុមហ៊ុនបណ្តាញសង្គមជាច្រើនដើម្បីស្នើឲ្យក្រុមហ៊ុនទាំងនោះឈប់ប្រើប្រាស់ពាក្យថា “មេរោគបំប្លែងខ្លួនឥណ្ឌា” តទៅទៀតចំពោះមេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មី ដែលគេបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា។ គួរម្លឹកថា កាលពីអំឡុងខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមអ្នកវិទ្យសាស្ត្របានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីប្រភេទ B.1.617 ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់ពីការរកឃើញនោះក្រុមហ៊ុនបណ្តាញសង្គមនិងអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោកបាននាំគ្នាហៅមេរោគនោះថា “មេរោគបំប្លែងខ្លួនឥណ្ឌា” ឬអ្នកខ្លះហៅដោយខ្លីថា “មេរោគឥណ្ឌា” ទៀតផង។

    សម្រាប់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានលើកឡើងថា ការប្រើប្រាស់ពាក្យ “មេរោគឥណ្ឌា” ឬ “មេរោគបំប្លែងខ្លួនឥណ្ឌា” គឺរឿងមិនសមរម្យទាល់តែសោះព្រោះវាគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការប្រើប្រាស់ពាក្យនេះ​ ហើយអង្គការសុខភាពពិភពលោកក៏បានអនុម័តឲ្យប្រើប្រាស់ពាក្យនេះផ្លូវការផងដែរ។ ការប្រើប្រាស់ពាក្យនេះគឺស្តាប់មើលទៅហាក់បីដូចជាប្រទេសឥណ្ឌាជាអ្នកបង្កើតមេរោគនេះអីចឹង ខណៈដែលរឿងជាក់ស្តែងគឺមេរោគនៃជំងឺកូវីដ ១៩ បានរាតត្បាតនិងកើតមានជុំវិញពិភពដោយគ្មានប្រទេសណាមួយជាអ្នកបង្កើតវាឡើយ ហើយគ្រាន់តែចៃដន្យមេរោគប្រភេទ B.1.617 ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា មេរោគបំប្លែងខ្លួន ប្រភេទ B.1.617 គឺជាមេរោគកូវីដ ១៩ ដែលអាចចម្លងបានលឿននិងផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគកូវីដ ១៩ ធម្មតា ហើយបច្ចុប្បន្ននេះ B.1.617 កំពុងតែរាតត្បាតខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌាដោយប្រទេសដ៏មួយនេះមានតួលេខអ្នកឆ្លងកូវីដ ១៩ ជាមធ្យមខ្ទង់ ៣០-៤០ ម៉ឺននាក់និងស្លាប់ប្រមាណជា ៤ ពាន់នាក់ក្នុងថ្ងៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: