នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងថា៖ការបិទខ្ទប់ប្រទេសទាំងមូលគឺជាវិធានការមានសុវត្ថិភាពខ្ពស់បំផុត តែវាក៏អាចធ្វើឲ្យសេដ្ឋកិច្ចជាតិត្រូវដួលរលំផងដែរ
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Muhyiddin Yassin បានថ្លែងថា ការបិទខ្ទប់ប្រទេសទាំងមូលដើម្បីការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ គឺជាវិធានការដែលមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ តែវិធានការនេះក៏អាចធ្វើឲ្យសេដ្ឋកិច្ចជាតិទាំងមូលត្រូវដួលរលំផងដែរ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ខណៈដែលក្រុមអ្នកសារព័ត៌មានជាច្រើនបានចោទសួរលោកនាយករដ្ឋមន្ត្រីរូបនេះអំពីជម្រើសនៃការបិទខ្ទប់ប្រទេសដើម្បីឆ្លើយតបទៅនឹងរលកនៃជំងឺ ១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅទូទាំងប្រទេសម៉ាឡេស៊ីក្នុងពេលបច្ចុបន្ននេះ។

លោកនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ការបិទខ្ទប់ប្រទេសនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិម៉ាឡេស៊ីត្រូវខាតបង់ប្រមាណជា ២,៤ ពាន់លានរីងហ្គីត (៥៧៩លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ខណៈដែលរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជំនួយប្រមាណជា ៣៤០ ពាន់លានរីងហ្គីត (៨២ពាន់លានដុល្លារអាមេរិក) រួចហើយ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ ១៩ នាពេលកន្លងមកនេះ។ នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្នប្រសិនបើរដ្ឋាភិបាលបិទខ្ទប់ប្រទេសទាំងមូលគឺសេដ្ឋកិច្ចជាតិងាយនឹងដួលរលំខ្លាំងណាស់។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥១២,០៩១នាក់ និងស្លាប់សរុបចំនួន ២,២៤៨នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia