ភ្នំភ្លើងដ៏ធំមួយនៅកុងហ្គោបានផ្ទុះហើយឆក់យកជីវិតមនុស្ស ១៥នាក់, កុមារជាង ១៧០នាក់កំពុងបាត់ខ្លួន និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
កុងហ្គោ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានរាយការណ៍ថា កាលពីយប់ថ្ងៃអាទិត្យ ទី ២៣ ឧសភា ម្សិលមិញនេះមានភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសកុងហ្គោបានផ្ទុះឡើងបណ្តាលឲ្យមានមនុស្សចំនួន ១៥ត្រូវស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្ខួនជាបន្ទាន់។ ភ្នំភ្លើងដ៏ធំមួយនេះមានឈ្មោះថា Mount Nyiragongo មានទីតាំងស្ថិតនៅក្នុងក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភ្នំភ្លើងបានផ្ទុះឡើងយ៉ាងឆាប់រហ័សបំផុតទើបគេមិនអាចព្យាករណ៍អំពីកម្លាំងផ្ទុះរបស់វាបាននិងមិនអាចត្រៀមការពារខ្លួនបានមុនទោះទេ។

តាមរបាយការណ៍របស់អាជ្ញាធរកុងហ្គោបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះគឺមានមនុស្សចំនួន ១៥នាក់បានស្លាប់ កុមារជាង ១៧០នាក់កំពុងបាត់ខ្លួន ពលរដ្ឋប្រមាណជា ៥,០០០ នាក់កំពុងជម្លៀសខ្លួនឆ្លងដែនទៅកាន់ប្រទេសរវ៉ាន់ដា និងពលរដ្ឋប្រមាណជា ២៥,០០០នាក់ផ្សេងទៀតកំពុងសុំសិទ្ធជ្រកកោននៅជំរុំភៀសខ្លួនក្នុងទីភ្នាក់ងារកុមាររបស់អង្គារសហប្រជាជាតិដែលស្ថិតក្នុងក្រុង Sake ភាគខាងលិចប្រទេសកុងហ្គោ។ គួរម្លឹកថា កាលពីឆ្នាំ ២០០២ កន្លងទៅភ្នំភ្លើងមួយនេះបានផ្ទុះរួចម្តងហើយ ដែលពេលនោះវាបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ និងមនុស្សប្រមាណជា ១ សែននាក់ត្រូវបាត់បង់ផ្ទះសម្បែង៕


អត្ថបទ៖ ភក្តី
ប្រភព៖South China Morning Post