ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃលើសពី ៧,០០០នាក់ ២ថ្ងៃជាប់ៗគ្នាហើយ ដែលជាកំណត់ត្រាដ៏អាក្រក់មួយមិនធ្លាប់មាន
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Malay Mail បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៦ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៤៧៨នាក់។ ប្រភពបានបន្តថា កន្លែងដែលមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺរដ្ឋ Selangor ដែលរដ្ឋមួយនេះមានករណីឆ្លងចំនួន ២,៤៥៥ នាក់ បន្ទាប់មកគឺទីក្រុងកូឡាឡាំពួមានករណីឆ្លងចំនួន ៧៦០ នាក់ និងបន្ទាប់មកទៀតគឺក្រុង Sarawak មានអ្នកឆ្លងចំនួន ៦៤០ នាក់។

ក្រៅពីនេះករណីឆ្លងគឺត្រូវបានរកឃើញនៅតាមសហគមន៍ជាច្រើនទូទាំងប្រទេស ម៉ាឡេស៊ីក្នុងខ្ទង់ជាច្រើនរយនាក់ផងដែរ។ គួរបញ្ជាក់ជូនថា តាមរយៈតួលេខអ្នកឆ្លងដ៏ច្រើននេះបានបង្ហាញថា ម៉ាឡេស៊ីបានបង្កើតកំណត់ត្រាអាក្រក់មួយបន្ថែមទៀតផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី ៧,០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា។ គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥៣៣,៣៦៧ នាក់ និងស្លាប់សរុបចំនួន ២,៤៣២នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Malay Mail