ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់វាយគេផ្អើលពេញយន្តហោះព្រោះខឹងគេស្នើសុំឲ្យពាក់ម៉ាស់ ចុងក្រោយត្រូវគេចាប់ចេញពីយន្តហោះលែងឲ្យធ្វើដំណើរ (មានវីដេអូ)

    BY Pheakdey June 1, 2021
    ស្រ្តីម្នាក់វាយគេផ្អើលពេញយន្តហោះព្រោះខឹងគេស្នើសុំឲ្យពាក់ម៉ាស់ ចុងក្រោយត្រូវគេចាប់ចេញពីយន្តហោះលែងឲ្យធ្វើដំណើរ (មានវីដេអូ)

    អ៊ីតាលី៖ មនុស្សមួយចំនួននៅតែចចេសមិនចង់ពាក់ម៉ាស់បើទោះជាដឹងច្បាស់ហើយថា ការពាក់ម៉ាស់នៅតាមទីសាធារណៈគឺរឿងចាំបាច់បំផុតក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ សម្រាប់មនុស្សគ្មានសីលធម៌មួយចំនួនវិញមិនត្រឹមតែព្រងើយកន្តើយនឹងកាតព្វកិច្ចពាក់ម៉ាស់នោះទេ តែពួកគេថែមទាំងមានប្រតិកម្មបែបអវិជ្ជមានទៀតផងនៅពេលដែលមានអ្នកណាម្នាក់ណែនាំឲ្យពួកគេពាក់ម៉ាស់។ ជាក់ស្តែងមានស្រ្តីអ្នកដំណើរជនជាតិអ៊ីតាលីម្នាក់បានវាយគេផ្អើលពេញយន្តហោះ ព្រោះតែគេបានណែនាំឲ្យគាត់ពាក់ម៉ាស់ក្នុងអំឡុងពេលជិះយន្តហោះ ខណៈដែលនៅក្នុងយន្តហោះនោះគឺមានតែគាត់ម្នាក់ប៉ុណ្ណោះដែលមិនព្រមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DAILY MAIL បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair  ដែលមានទិសដៅហោះហើរចេញពីក្រុង Ibiza ឆ្ពោះទៅកាន់ក្រុង Milan ក្នុងប្រទេសអ៊ីតាលី។ ប្រភពបានបន្តថា ពេលអ្នកដំណើរបានឡើងលើយន្តហោះរួចអស់និងកំពុងរៀបចំខ្លួនសម្រាប់ការហោះហើរនោះ ស្រាប់តែគេបានប្រទះឃើញស្រ្តីជាជនបង្កហេតុខាងលើបានទាញម៉ាស់មកទុកត្រឹមចង្កាដែលសកម្មភាពនេះគឺស្មើនឹងគាត់មិនបានពាក់ម៉ាស់ដែរ។ ភ្លាមនោះទាំងអ្នកបម្រើការងារនៅលើយន្តហោះនិងអ្នកដំណើរដែលអង្គុយក្បែរគាត់បានព្យាយាមស្នើសុំឲ្យគាត់ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ តែរូបគាត់បែជាខឹងគេហើយស្រែងឡូឡាផ្អើកគេផ្អើលឯងនិងស្ទុះទៅវាយតប់គេតែម្តង។ រំពេចនោះក្រុមអ្នកបម្រើការងារនៅលើយន្តហោះបានចាប់គាត់ចេញពីយន្តហោះនិងដកសិទ្ធលែងឲ្យគាត់ធ្វើដំណើរតែម្តង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ DAILY MAIL

    Share This Post: