ថ្ងៃរៀបការបែរកូនក្រមុំទទួលមរណភាពភ្លាមៗ គ្រួសារខាងស្រីសម្រេចយកប្អូនបង្កើតរបស់នាងមករៀបការជំនួសវិញ ព្រោះមិនចង់លុបចោលកម្មពិធីការ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានកូនក្រមុំជនជាតិឥណ្ឌាម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្ងៃរៀបការ តែពិធីមង្គលនោះមិនត្រូវបានលុបចោលឡើយដោយខាងគ្រួសារទាំងសងខាងបានព្រមព្រៀងគ្នាយកប្អូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះម្នាក់មករៀបការធ្វើជាកូនក្រមុំជំនួសវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈកូនក្រមុំដែលជាស្ត្រីរងគ្រោះមានឈ្មោះថា Surbhi និងកូនកំលោះមានឈ្មោះថា Mangesh Kumar។

ប្រភពខាងលើបានបន្តថា នៅពេលដែលពិធីមង្គលការបានចាប់ផ្តើមទៅហើយនោះ ស្រាប់តែស្រ្តីជាកូនក្រមុំបានគាំងបេះដូងស្លាប់ តែរឿងនេះមានតែសមាជិកគ្រួសារមួយចំនួនតូចប៉ុណ្ណោះបានដឹង ខណៈភ្ញៀវនិងញាតិជិតខាងមិនបានដឹងនោះទេ។ ភ្លាមៗនោះក្រុមគ្រួសារទាំងសងខាងក៏បានពិភាក្សាគ្នាមួយសន្ទុះហើយក្រោយមកក៏សម្រេចយកសាកសពស្រ្តីរងគ្រោះទៅដាក់ក្នុងបន្ទប់មួយផ្សេងដោយមានអាចារ្យ ២-៣នាក់សូត្រមន្តធ្វើបុណ្យឲ្យនាងស្ងាត់ៗ ខណៈប្អូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះម្នាក់ត្រូវមកតែងខ្លួនជាកូនក្រមុំដើម្បីរៀបការជំនួសបងស្រីដែលទើបនឹងស្លាប់។ អាចនិយាយបានថាវាគឺជារឿងចម្លែកមួយដែលនៅក្នុងផ្ទះតែមួយត្រូវមានកម្មពិធីរហូតដល់ទី ២ គឺពិធីរៀបការបែបសប្បាយរីករាយ និងពិធីបុណ្យសពដែលមានបរិយាកាសបែបក្រៀមក្រំ។ សូមបញ្ជាក់ផងដែរថា ការរៀបការជាមួយនឹងប្អនស្រីរបស់ជនរងគ្រោះនោះមិនមែនគ្រាន់តែជាសម្តែងជំនួសមួយពេលទេ តែវាគឺជាការរៀបការយកគ្នាជាប្តីប្រពន្ធមែនទែនតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz