ម្សិលមិញ ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៧,៧៤៨នាក់ និងបាត់បង់ជីវិត ៨៦នាក់ ខណៈអ្នកជំនាញព្រមានថា ករណីមរណភាពចំពោះកូនក្មេងអាចនឹងកើនឡើងខ្ពស់
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Malay Mail បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ៤ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៧៤៨នាក់បន្ថែមទៀត ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៦ នាក់។

អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ទាំងអស់នោះក៏មានកូនក្មេងអាយុក្រោម ៥ ឆ្នាំចំនួន ៣ នាក់ផងដែរ ហើយបើគិតសរុបចំពោះតែករណីកូនក្មេងគឺគិតត្រឹមពេលនេះម៉ាឡេស៊ីមានកូនក្មេងចំនួន ២៧ នាក់ដែលបានស្លាប់ដោយជំងឺកូវីដ ១៩។ ក្រុមអ្នកជំនាញក៏បានព្រមានទៀតថា ករណីស្លាប់ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ជាកូនក្មេងអាចនឹងបន្តកើនឡើងខ្ពស់ផងដែរ ប្រសិនបើពលរដ្ឋមិនព្រមចូលរួមការពារខ្លួនឲ្យបានត្រឹមត្រូវគ្រប់ពេលវេលានោះទេ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦០៣,១២២នាក់ និងស្លាប់សរុបចំនួន ៣,១៨២នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Malay Mail , Channel News Asia