ស្រ្តីឥណ្ឌាម្នាក់បានត្រលប់ទៅផ្ទះវិញបង្កការភ្ញាក់ផ្អើល បន្ទាប់ពីខាងគ្រួសារបានធ្វើបុណ្យសពឲ្យគាត់បាន ២ សប្តាហ៍
ឥណ្ឌា៖ ស្រ្តីជនជាតិឥណ្ឌាម្នាក់បានត្រលប់ទៅផ្ទះវិញយ៉ាងភ្ញាក់ផ្អើលបំផុត បន្ទាប់ពីខាងគ្រួសារបានរៀបចំពិធីបុណ្យសពរបស់គាត់បាន ២ សប្តាហ៍។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា ខណៈស្រ្តីដែលជាអ្នកបង្កភាពភ្ញាក់ផ្អើលនេះមានឈ្មោះថា Muthyala Girijamma និងមានអាយុ ៧៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១២ ខែ ឧសភាកន្លងទៅ លោកយាយ Muthyala Girijamma ត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈដែលក្នុងអំឡុងពេលទៅព្យាបាលជំងឺនេះលោកយាយមិនបានប្រើប្រាស់ទូរស័ព្ទឬប្រើមធ្យោបាយទំនាក់ទំនងណាមួយមកកាន់ក្រុមគ្រួសារនោះទេ។

នៅក្នុងថ្ងៃទី ១៥ ខែ ឧសភា ខាងមន្ទីរពេទ្យបានជូនដំណឹងមកកាន់ក្រុមគ្រួសាររបស់លោកយាយថាគាត់បានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ ១៩ ហើយខាងមន្ទីរពេទ្យថែមទាំងបានយកសាកសពមនុស្សម្នាក់ដែលរុំក្រណាត់សយ៉ាងជិតពីក្បាលដល់ចុងជើងមកឲ្យខាងគ្រួសារដើម្បីរៀបចំពិធីបុណ្យសពទៀតផង។ ដោយសារតែសាកសពជាអ្នកជំងឺកូវីដ ១៩ ទើបខាងក្រុមគ្រួសារមិនបានបើកក្រណាត់សមើលមុខឬទៅប៉ះពាល់សាកសពនោះទេ ដោយគេបានយកសាកសពដែលរុំជិតនោះទៅធ្វើបុណ្យតាមប្រពៃណីតែម្តង។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃនេះស្រាប់តែលោកយាយ Muthyala Girijamma បានត្រលប់ទៅផ្ទះវិញធ្វើឲ្យមនុស្សនៅក្នុងភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេគិតថា គាត់ស្លាប់បាត់ទៅហើយ។ ក្រោយមកទើបគេបានរកឃើញការពិតថា ខាងមន្ទីរពេទ្យមានការភ័ន្តច្រឡំអត្តសញ្ញាតរបស់សាកសពដោយគិតថា សាកសពដែលបានបញ្ជូនមកធ្វើបុណ្យនោះគឺជាលោកយាយ Muthyala Girijamma តែការពិតគាត់មិនទាន់ស្លាប់នោះទេ ហើយគាត់ទើបជាសះស្បើយពីជំងឺកូវីដ ១៩ និងអនុញ្ញាតឲ្យមកផ្ទះវិញនៅពេលនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz