ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ម្ខាងធ្វើខួបកំណើត ម្ខាងផឹកស៊ីជួបជុំមិត្តភក្តិ ពេលស្រវឹងរៀងខ្លួន គ្រាន់តែមើលមុខកើតជាការឌឺដងកាច់កុងដាក់គ្នា ម្ខាងទាញកែវ ម្ខាងទាញចានគប់គ្នា ផ្អើលពេញហាង “ផាំ ឃីន-PK” ក្នុងទីក្រុងកោះពេជ្រ (មានវីដេអូ)

    BY Khmernote Media June 10, 2021
    ម្ខាងធ្វើខួបកំណើត ម្ខាងផឹកស៊ីជួបជុំមិត្តភក្តិ ពេលស្រវឹងរៀងខ្លួន គ្រាន់តែមើលមុខកើតជាការឌឺដងកាច់កុងដាក់គ្នា ម្ខាងទាញកែវ ម្ខាងទាញចានគប់គ្នា ផ្អើលពេញហាង “ផាំ ឃីន-PK” ក្នុងទីក្រុងកោះពេជ្រ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ ភ្ញៀវ២ក្រុមចូលផឹកស៊ីក្នុងហាង ម្ខាងធ្វើខួបកំណើត ម្ខាងផឹកស៊ីជួបជុំមិត្តភក្តិ ស្រាប់តែស្រវឹងរៀងខ្លួន គ្រាន់តែមើលមុខគ្នា ក៏កើតជាការឌឺដងគ្នា រហូតផ្ទុះហិង្សាវាយគ្នាប្រាវ ម្ខាងទាញចាន ម្ខាងទាញកែវគប់គ្នានិងវាយគ្នាទៅវិញទៅមក រត់ជាន់ជើងគ្នា ក្នុងហាងផឹកស៊ី “ផាំ ឃីន-PK” ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោងជិត១០:៤០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចេញអន្តរាគមន៍ភ្លាមៗ នាំភាគីទាំងសងខាងយកមកសួរនាំសិនផងដែរ ។

    តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត មានក្មេងស្ទាវពីរក្រុមដោយមួយក្រុមមានគ្នា១០នាក់ ហើយបានចូលទៅផឹកស៊ីជួបជុំគ្នាខាងក្នុងហាងកើតហេតុ ម្ខាងធ្វើខួបកំណើត និងម្ខាងផឹកស៊ីជួបជុំមិត្តភក្តិដោយបានអង្គុយតុក្បែរគ្នាថែមទៀតផង។ ស្រាប់តែស្រវឹងរាងខ្លួន ក្មេងស្ទាវទាំងពីរក្រុមនោះបានមើលមុខគ្នាទៅវិញទៅមក រួចក៏ធ្វើឲ្យក្រុមក្មេងស្ទាវម្ខាង ដែលជាភាគីបង្កបានងើបដើរចេញពីតុទៅធ្វើការសួរនាំ ក្រុមក្មេងស្ទាវម្ខាងទៀតដែលជាភាគីរងគ្រោះ។ រួចក៏បានបង្កទៅជាហិង្សាវាយតប់គ្នាពេញក្នុងហាងកើតហេតុធ្វើឲ្យភ្លៀវដែលនៅខាងក្នុងរត់ចែកជើងគ្នា ហើយបានបណ្តាលឲ្យនារីម្នាក់ដែលជាគ្នីគ្នាក្រុមក្មេងស្ទាវរងគ្រោះរងរបួសពកក្បាលផងដែរ ហើយភ្លាមៗនោះក៏មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើការអន្តរាគមន៍។ ខណៈពេលដែលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ហាងកើតហេតុ ក៏បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ដែលជាអ្នកបង្ក និងជាម្ចាស់ខួបកំណើតផងដែរ ចំណែកឯបក្ខពួកជាច្រើននាក់ទៀត បានរត់ចែកជើងគ្នាគេចខ្លួនបាត់ស្រមោលតែម្តង។

    បើតាមសម្តីពីនារីរងគ្រោះបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុនាងនិងមិត្តភក្តិប្រុសស្រីដែលមានគ្នាជិត១០នាក់ បាននាំគ្នាចូលទៅហូបចុចលេងនៅខាងក្នុងហាងផឹកស៊ីកើតហេតុ ហើយពេលចូលហូបចុកកំសាន្តលេងជុំគ្នាបានមួយសន្ទុះ មិត្តភក្ដិប្រុសម្នាក់ដែលមកជាមួយនាងក៏បានដើរទៅបន្ទប់ទឹក។ ខណៈពេលក៏ស្រាប់តែ បក្ខពួកក្រុមក្មេងស្ទាវបង្កមាន២ទៅ៣នាក់បានដើរទៅកៀកកមិត្តភក្ដិប្រុសរបស់នាងចូលទៅក្នុងបន្ទាប់ទឹក។ ហើយពេលទៅដល់ក្នុងបន្ទាប់ទឹក បក្ខពួកក្រុមក្មេងស្ទាវបង្កទាំងនោះ ក៏បានសួរទៅមិត្តភក្តិនាងថា “ម៉េចក៏ហែងមើលមុខអញម៉េះ ហែងចង់មានរឿងមែន” និងបានគំរាមឲ្យឆាប់ចេញពីហាងកើតហេតុ បើមិនចង់មានរឿង។ បន្ទាប់ពីនិយាយរួច មិត្តភក្ដិនាងក៏បានដើរចេញពីបន្ទប់ទឹកវិញ និងបានរៀបប្រាប់គ្នីគ្នាពីសម្តីដែលបក្ខពួកក្រុមក្មេងបង្កបាននិយាយមកកាន់ខ្លួន។ បន្តិចក្រោយមក ដោយពួកនាងមិនចង់មានរឿងរ៉ាវ ទើបបំរុងហៅឲ្យគេគិតលុយ ដើម្បីចាកចេញពីហាងនោះ។ តែខណៈពេលដែលមិនទាន់និងបានគិតលុយផង ក៏ស្រាប់តែក្រុមក្មេងស្ទាវបង្កទាំងនោះ បាននាំគ្នាមកវាយពួកនាងតែម្តង។

    ក្រោយពេលកើតហេតុ យុវជនម្នាក់ដែលជាបក្ខពួកក្រុមក្មេងស្ទាវបង្ក រួមជាមួយភាគីរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រួចភាគីទាំង២ក៏បានសម្របសម្រួលមិនប្តឹងផ្ដល់គ្នានោះ ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំនាំនិងបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញតែម្តង៕

    Share This Post: