អន្តរជាតិ

រុស្ស៊ីអះអាងថាបានរកឃើញមេរោគកូវីដ ១៩ បំប្លែងខ្លួននៅក្រុងម៊ូស្គូដែលមានឥទ្ធិពលខ្លាំងជាងវ៉ាក់សាំងនាពេលបច្ចុប្បន្នទៅទៀត

BY
Pheakdey
June 16, 2021

រុស្ស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសរុស្ស៊ីទើបបានរកឃើញមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីមួយទៀតមានឥទ្ធិពលខ្លាំងជាងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលគេកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្ប​ន្ននេះទៅទៀត។ ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីបានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងម៉ូស្គូ ស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងគួរឲ្យគត់សម្គាល់ ពោលគឺមានអ្នកឆ្លងថ្មីចំនួន ៧,៧០៤នាក់កាលពីចុងសប្តាហ៍កន្លងទៅនេះ។

បើតាមអ្នកក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានហ្គាម៉ាឡាយ៉ាផ្នែករោគរាតត្បាតនិងមីក្រូជីវវិទ្យាបានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩​ ប្រភេទ Sputnik V ដែលផលិតនៅក្នុងប្រទេសរុស្ស៊ីក៏មិនអាចទប់ទល់នឹងឥទ្ធិពលនៃមេរោគបំប្លែងខ្លួនថ្មីនេះបានដែរ។ ក្រោយការឃើញនេះអាជ្ញាធរសុខាភិបាលប្រចាំក្រុងម៊ូស្គូបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដូចជាសម្រេចបិទភោជនីយដ្ឋាន បារ ក្លឹបរាត្រី និងហាមមិនឲ្យពលរដ្ឋមានការជួបជុំគ្នាទ្រង់ទ្រាយធំដោយគ្មានការអនុញ្ញាតជាដាច់ខាត។ ជាងនេះទៅទៀតរដ្ឋបាលក្រុងម៊ូស្គូក៏បានត្រៀមគ្រែពេទ្យ ត្រៀមរៀបចំកីឡដ្ឋាន និងឧទ្យានសាធារណៈធំៗជាច្រើនឲ្យក្លាយជាមន្ទីរពេទ្យយោធាដែរ ព្រោះក្រុមអ្នកជំនាញបានព្យាករណ៍ថាមេរោគបំប្លែងខ្លួនថ្មីនេះនឹងបង្កការរាតត្បាតខ្លាំងនៅរុស្ស៊ីផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះរុស្ស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៥លាននាក់ និងស្លាប់ជាង ១២ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: