ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមនឹងទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១ លានដូសជារៀងរាល់សប្តាហ៍ចាប់ពីខែក្រោយនេះ

    BY Pheakdey June 23, 2021
    វៀតណាមនឹងទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១ លានដូសជារៀងរាល់សប្តាហ៍ចាប់ពីខែក្រោយនេះ

    វៀតណាម៖ បណ្តាញសារព័ត៌មានរដ្ឋវៀតណាមកាលពីថ្ងៃអង្គារ ទី ២២ ខែមិថុនាម្សិលមិញនេះបានឲ្យដឹងថា  ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ចំនួន ១ លានដូសរៀងរាល់សប្តាហ៍ចាប់ពីដើមខែក្រោយនេះតទៅ។ ប្រភពបានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ចំនួន ១ លានដូសនឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមមួយសប្តាហ៍ម្តងរហូតគ្រប់ចំនួនកំណត់ ៣០លានដូស ហើយបើទោះជាក្នុងករណីមានបញ្ហាត្រូវពន្យាពេលនៅសប្តាហ៍ខ្លះក៏ដោយ​ក៏ ដំណើរការនៃការបញ្ជូនវ៉ាក់សាំងនេះត្រូវតែបិទបញ្ចប់ត្រឹមឆ្នាំ ២០២១ នេះដែរ ពោលគឺមិនអាចអូសបន្លាយរហូតដល់ឆ្នាំក្រោយជាដាច់ខាត។

    គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមទើបទទួលបានវ៉ាក់សាំងសរុបប្រមណជា ៤,៤ លានដូសប៉ុណ្ណោះ ហើយក្នុងនោះមានពលរដ្ឋវៀតណាមចំនួន ១២១,៦៨១ នាក់បានទទួលវ៉ាក់សាំងរួចរាល់ទាំង ២ ដូស ខណៈពលរដ្ឋវៀតណាមប្រមាណជា ២,៥ លាននាក់ផ្សេងទៀតក្នុងចំណោមពលរដ្ឋសរុប ៩៨លាននាក់ទើបទទួលបានវ៉ាក់សាំងដូសទី ១ ប៉ុណ្ណោះ។ ក្នុងចំណោមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលវៀតណាមទទួលបានទាំងអស់នេះមានមួយចំនួនតូចជាការផ្តល់ជូនតាមរយៈកម្មវិធី Covax និងមួយផ្នែកធំគឺជាការបញ្ជាទិញដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលវៀតណាមតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: