រថយន្ត Ford Ranger បុកម៉ូតូហើយមិនព្រមឈប់ បែរជាបន្ថែមល្បឿនអូសទាំងម៉ូតូបែកផ្កាភ្លើងជាច្រើនម៉ែត្រ បណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់
រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូឌុបត្រូវបានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger បុកអូសម៉ូតូក្រោមរថយន្តជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់បានថែមទាំងវាយតៃកុងរថយន្តបង្កនោះ ហើមមុខហើមមាត់ ទើបប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩៖០៥នាទីយប់ ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២នេះ នៅតាមបណ្ដោយផ្លូវ២១៧ ខាងត្បូងស្តុបផ្សារថ្នល់បត់ប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-7399 បើកបរដោយបុរសចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន រួចក៏បុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម(Honda Dream) ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-9200 ជិះដោយស្ត្រីម្នាក់ចំពីចហៀងពេញទំហឹង បណ្ដាលឱ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើកបន្តទៅមុខទៀតបំណងរត់គេចខ្លួន ទាំងម៉ូតូគៀបជាប់ខាងក្រោមរថយន្ត ឃើញដូច្នេះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ ក៏បានដេញតាមរហូតមកដល់ផ្លូវ២១៧ ខាងត្បូងស្តុបផ្សារថ្នល់បត់ប្រហែល២៥០ម៉ែត្រ ទើបឃាត់បាន ដោយមានការខឹងសម្បារប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្តាលឱ្យរងរបួសហើមមុខផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយពេលក្រោយ ៕




ដោយ៖ បងម៉េង ខ្មែរណូត