ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ស្ត្រីម្នាក់បើកឡានបណ្តើរដាក់កូនតូចអង្គុយជាមួយបណ្តើរ ស្រាប់តែកូនលូកទាញចង្កូត ធ្វើឲ្យរេចង្កូតទៅបុកបង្គោលភ្លើង សំណាងមិនរងរបួស

    BY Khmernote Media June 24, 2021
    ស្ត្រីម្នាក់បើកឡានបណ្តើរដាក់កូនតូចអង្គុយជាមួយបណ្តើរ ស្រាប់តែកូនលូកទាញចង្កូត ធ្វើឲ្យរេចង្កូតទៅបុកបង្គោលភ្លើង សំណាងមិនរងរបួស

    រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្ត LAND CRUISER ស្រាប់តែកូនស្រីតូចដែលមានអាយុប្រមាណ៣ខួប អង្គុយនៅខាងមុខជាម្ដាយ លូកដៃទាញចង្កូតរថយន្ត បណ្ដាលឲ្យរេចង្កូតទៅខាងស្ដាំដៃបុកបង្គោលភ្លើងថ្មតែម្ដង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ខូចខាតរថយន្តផ្ទុះបែកកង់មុខខាងស្ដាំលាន់ដូចរន្ទះប៉ុណ្ណោះ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចម្ដុំផ្ទះល្វែង(ច្រកផ្សារក្រមួន) ផ្លូវបេតុងលេខ២១ កែងផ្លូវបេតុងលេខ២៨ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    រថយន្តបង្កម៉ាកឡង់គ្រីស័រ(LAND CRUISER) ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-2868 បើកបរដោយស្ត្រីម្នាក់ និងមានកូនស្រីតូច២នាក់ទៀតរួមដំណើរជាមួយ ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ រថយន្តខាងលើ បើកបរដោយស្ត្រីម្នាក់ មានកូនស្រីតូច២នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុងលេខ២១ ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែកូនស្រីតូចដែលមានអាយុប្រមាណ៣ខួប អង្គុយនៅខាងមុខជាម្ដាយ លូកដៃទាញចង្កូតរថយន្ត បណ្ដាលឲ្យចង្កូតទៅខាងស្ដាំដៃបុកបង្គោលភ្លើងថ្មតែម្ដង តែមិនបណ្ដាលឲ្យអ្នកបើកបរ និងកូនៗរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តរបស់ខ្លួន ផ្ទុះបែកកង់លាន់ដូចរន្ទះប៉ុណ្ណោះ ។

    ករណីនេះ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម និងផ្នែកវាស់វែងចរាចរណ៍អធិការដ្ឋានខណ្ឌមានជ័យបានចុះពិនិត្យមើលជាក់ស្ដែងហើយ បង្គោលភ្លើងមិនខូចខាតអ្វីឡើយ ទើបអនុញាតិឲ្យម្ចាស់រថយន្តបង្ក ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: