ថៃរកឃើញករណីឆ្លងកូវីដ ១៩ប្រភទ Delta ចំពោះស្រ្តី ២នាក់ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ហើយ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta នៅក្នុងខ្លួនស្ត្រីចំនួន ២នាក់ ដែលនាពេលកន្លងពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac ចំនួន ២ ដូសរួចរាល់ទៅហើយ។ ស្រ្តីអ្នកជំងឺទាំង ២ នាក់នេះគឺជាពលរដ្ឋថៃរស់នៅក្នុងខេត្ត Nakhon Ratchasima ដោយក្នុងនោះមានម្នាក់អាយុ ១៩ ឆ្នាំ និងម្នាក់ទៀតអាយុ ៣០ ឆ្នាំ។

បើតាមលោកវេជ្ជបណ្ឌិត Narinrat Pichayakhamin ដែលជាប្រធានផ្នែកសុខភាពសាធារណៈបានបញ្ជាក់ថា ស្ត្រីអ្នកជំងឺវ័យ ១៩ ឆ្នាំ បានឆ្លងជំងឺកូវីដ ១៩ ប្រភេទ Delta ពីអ្នកបើកបរថយន្តម្នាក់ដែលគាត់បានជិះរថយន្តរួមគ្នាមកក្រុងបាងកកកាលពីថ្ងៃទី ១៤ មិថុនា កន្លងទៅ ហើយរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ២៣ មិថុនា កន្លងទៅនេះ។ ចំពោះស្រ្តីវ័យ ៣០ឆ្នាំវិញមានមុខរបរជាអ្នកលក់ដូរបានតេស្តវិជ្ជមានកាលពីថ្ងៃទី ២៤ ខែ មិថុនានេះ តែគេមិនបានដឹងច្បាស់ពីប្រភពនៃការចម្លងរបស់គាត់នោះទេ។ បច្ចុប្បន្នអ្នកជំងឺទាំង ២នាក់នេះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្សដែលមានប្រវត្តិពាក់ព័ន្ធជាមួយនឹងពួកគាត់ជាច្រើននាក់ទៀតកំពុងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍