អ្នកជំនាញចង់ឲ្យពលរដ្ឋដែលធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson រួច ត្រូវមកចាក់វ៉ាក់សាំងថែម ១ដូសទៀតដើម្បីបន្ថែមប្រសិទ្ធភាពប្រឆាំងកូវីដបំប្លែងខ្លួន Delta
អាមេរិក៖ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងកំពុងពិចារណាចង់ឲ្យពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson រួច ត្រូវមកចាក់វ៉ាក់សាំងប្រភេទ Pfizer ឬ Moderna ថែមមួយដូសទៀត ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់ទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ ការចង់បានរបស់ក្រុមអ្នកជំនាញនេះត្រូវបានធ្វើឡើងក្រោយពីគេបានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំង Pfizer ឬ Moderna ចំនួន ២ ដូសរួចហាក់មានប្រព័ន្ធការពាររាងកាយរឹងមាំអាចប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រភេទ Delta បាន ខណៈដែលអ្នកធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson ត្រឹមតែ ១ ដូសនោះគឺមិនសូវមានប្រសិទ្ធភាពការពារមេរោគបំប្លែងខ្លួនថ្មីបាននោះទេ។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះជម្រើសនៃការចាក់វ៉ាក់សាំងបន្ថែមមួយដូសទៀតនេះនៅមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីសំណាក់អាជ្ញាធរសុខាភិបាលអាមេរិកនៅឡើយទេ ដោយគេត្រូវធ្វើការសិក្សាអំពីផលប៉ះពាល់របស់វាជាមុនសិន។ បើទោះជាមិនទាន់មានសេចក្តីសម្រេចជាផ្លូវការក៏ពិតមែន តែបើយោងតាមការចុះផ្សាយក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មានពលរដ្ឋអាមេរិកមួយចំនួនបានទៅចាក់វ៉ាក់សាំងបន្ថែមមួយដូសទៀតដោយខ្លួនពួកគេផ្ទាល់រួចទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖Channel News Asia