បាក់អគារខុនដូមួយកន្លែងនៅអាមេរិកឆក់យកជីវិតមនុស្ស ៩នាក់និងមួយចំនួនទៀតកំពុងជាប់ក្រោមគំនរបាក់បែក
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារខុនដូមួយកន្លែងនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី ២៧ ខែមិថុនា ម្សិលមិញនេះ។ បើយោងតាមសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អគារខុនដូមួយនេះមានទីតាំងស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រក្នុងទីក្រុង Miami និងជាខុនដូសម្រាប់សម្រាកលំហែកាយមួយមានកម្ពស់ ១២ជាន់។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មានពលរដ្ឋមួយចំនួនបានអះអាងថាពួកគេនៅបាត់សាច់ញាតិមួយចំនួនទៀត ខណៈគេជឿថាមនុស្សដែលបាត់ខ្លួននោះគឺកំពុងស្ថិតនៅក្រោមគំនរបាក់បែកអគារនេះតែម្តង។

អាជ្ញាធរក្រុង Miami បានប្រើប្រាស់កម្លាំងសង្គ្រោះបន្ទាន់ជាច្រើនក្រុមដើម្បីស្វែងរកមនុស្សដែលកំពុងជាប់នៅក្នុងគំនរបាក់បែក តែដំណើរការនៃការជួយសង្គ្រោះហាក់មិនរលូនទាល់តែសោះ ព្រោះនៅក្នុងគំនរបាក់បែកនោះក៏មានភ្លើងកំពុងឆាបឆេះផងដែរ។ ក្រុមសាច់ញាតិជនរងគ្រោះមួយចំនួនបាននាំគ្នារិះគន់ចំពោះភាពយឺតយ៉ាវរបស់ក្រុមការងារសង្គ្រោះបន្ទាន់ ខណៈពួកគេកំពុងរង់ចាំមើលយ៉ាងអន្ទះសាជាទីបំផុតថាតើសាច់ញាតិរបស់ពួកគេនៅរស់ឬក៏បានស្លាប់នៅក្នុងគំនរអគារបាត់ទៅហើយ។ បើទោះជាប្រតិបត្តិការណ៍ជួយសង្គ្រោះមនុស្សជាប់នៅក្នុងគំនរអគារនៅមិនទាន់បិទបញ្ចប់ក៏ពិតមែន តែគេបានព្យាករណ៍ថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់លើសពីចំនួន ៩ នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia